ម្ចាស់សិប្បកម្មកំប្លោកម្នាក់ ក្នុងចំណោមសិប្បកម្មកំប្លោក ប្រមាណជា៣០ នៅភូមិភ្នំក្រោម ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប បានលើកឡើងថា ស្ថានភាពទីផ្សារកំប្លោក ហាក់កម្រើកឡើងវិញបន្ដិច នៅអំឡុងខែមករា ២០២២នេះ បន្ទាប់ពីទីផ្សារស្ងប់ស្ងាត់ ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ នៅអំឡុងឆ្នាំ២០២០មក។

អ្នកស្រី សូរ សំបូរ ម្ចាស់សិប្បកម្មកំប្លោក បានប្រាប់សារព័ត៌មានត្រយងថា ការបើកចំហរប្រទេស ឃើញថា អ្នកទេសចរចាប់ផ្ដើមមកកម្សាន្តខេត្តសៀមរាប ហើយក៏បានមកដល់ភ្នំក្រោម ជាទីដែលមានសហគមន៍ ធ្វើកំប្លោកដោយដៃ ហើយក៏មានទីផ្សារជាបណ្ដើរឡើងវិញ បន្ទាប់ពី ០២ឆ្នាំកន្លងមកនេះ ទីផ្សារស្ងប់ស្ងាត់ ហើយអ្នកធ្វើកំប្លោកក៏បានផ្អាកដែរ។

នៅមុនផ្ទុះជំងឺកូវីដ១៩ ទីផ្សារកំប្លោកមានទាំងក្នុងស្រុក និងដឹកយកទៅលក់នៅក្រៅប្រទេសក៏មាន តាមរយៈការកុម្ម៉ង់ទិញ ពីអង្គការជប៉ុនមួយ ដែលបញ្ជាទិញម្ដងៗ ប្រមាណជា ៥០០កាបូប ដើម្បីយកទៅចែកចាយនៅក្រៅប្រទេស។

យ៉ាងណាមិញ ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងចូលមកកម្ពុជា នាពេលថ្មីៗ កំពុងក្លាយជាក្ដីព្រួយបារម្ភថ្មីមួយទៀត សម្រាប់សហគមន៍ធ្វើកំប្លោកដោយដៃ ។ ទន្ទឹមនឹងការព្រួយបារម្ភ ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ទីផ្សារកំប្លោកនឹងមានសន្ទុះឡើងវិញ នៅអំឡុងដើមខែមករានេះ ព្រោះមានអ្នកមកទិញជាហូរ និងមានអ្នកកុម្មង់ទៅក្រៅប្រទេសជាបណ្ដើរៗហើយ ហើយមុខរបរនេះ បានហុចប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍ ដែលកាត់បន្ថយការចំណាកស្រុក និងបង្កើតការងារក្បែរផ្ទះ ងាយស្រួល នៅក្នុងការជួបជុំគ្រួសារ។

សិប្បកម្មកំប្លោក ក្លាយជាមុខរបរពេញនិយមមួយសម្រាប់សហគមន៍ នៅភូមិភ្នំក្រោម ឃុំសៀមរាប ខេត្តសៀមរាប ដែលនៅមិនឆ្ងាយប្រមាណជា ១០គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលអ្នកភូមិចេះធ្វើសិប្បកម្មកំប្លោក ដំបូងតាមរយៈការបណ្ដុះបណ្ដាលពីអង្គការមួយរបស់ជប៉ុន នៅអំឡុងឆ្នាំ ២០០៧ ដែលអំឡុងពេលនោះ មានសិស្សចូលរួមរៀនសូត្រ ប្រមាណជា ៣០នាក់ ឥលូវសិស្សទាំងនោះ កំពុងបើកអាជីវកម្ម សិប្បកម្មកំប្លោក នៅក្នុងភូមិ មកដល់សព្វថ្ងៃនេះ៕

Share.