ពិតជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ខ្លាំង​មែន នៅពេលដែល​តារា​សម្ដែង​ឯក​ប្រុស​លោក ជា លាង​ឈែ ប្រកាស​ខ្លួន​បើក​ទំព័រ​សម្ដែង​បែប​ថ្មី​មិន​ធ្លាប់មាន​ពីមុនមក គឺ​រឿងបែប ​BL ដែលនិយាយ​ពី​ស្នេហា​ប្រុស​និង​ប្រុស។ ព្រោះថា កន្លងមក​តារា​ឯក​ប្រុស​រូបនេះ ធ្លាប់តែ​បាន​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តារា​ស្រី​ស្អាត​តែប៉ុណ្ណោះ ចំណី​អារម្មណ៍​ថ្មី​នេះ ហាក់​ថ្មី​សន្លាង​បន្តិច តែ​លោក​អះអាងថា លោក​មិន​ស្ទាក់ស្ទើរ​ក្នុងការ​សម្ដែងតួ​បែបនេះ​ឡើយ ណាមួយ​ទៀត ក៏ជាការ​បើក​ទំព័រ​សម្ដែង​បែប​ថ្មី​របស់លោក​តែម្ដង។

លោក ជា លាង​ឈែ បាន​លេចមុខ​សម្ដែង​ក្នុង​ភាពយន្ដ​ខ្លី​មួយ​មាន​ចំណងជើង​ថា «ព្រះ​ច័ន្ទ​ញញឹម» ដែល​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តួ​ប្រុស​លោក ឌី វណ្ណ​ថៃ ដឹកនាំ​សម្ដែង​ភាពយន្ដ​នេះ​ដោយ​លោក ស៊ាន សិទ្ធីគុន (Kun FotoCity)។ ភាពយន្ដ​ត្រូវបាន​ដកស្រង់​ចេញពី​សាច់រឿង​ពិត និង​បាន​រំលេច​ពី​អតីតកាល​នៅ​វ័យ​កុមារភាព​របស់​តួអង្គ​ទាំងពីរ​ផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពី​បញ្ចេញ​ឈុត​ឆាក​ស្នេហា​ហើយ​នោះ ភាពយន្ដ​នេះ​ក៏បានផ្ដល់​តម្លៃ​អប់រំ​ទៅកាន់​មហាជន​អ្នកទស្សនា ឱ្យ​កាន់តែ​យល់ច្បាស់ និង​ស៊ីជម្រៅ​ពីអារម្មណ៍ធម្មជាតិនៃក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​លុបបំបាត់​នូវ​ការរើសអើង​ផងដែរ។

ឆ្លើយ​ប្រាប់​សារព័ត៌មាន​ត្រយង លោក ជា លាង​ឈែ អះអាងថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​សម្ដែង​ភាពយន្ដ​នេះ ក៏​ដោយសារតែ​ជា​សាច់រឿង​ដែល​ដកស្រង់​ចេញពី​រឿង​ពិត និង​មានតម្លៃ​អប់រំ​ច្រើន​ទៅកាន់​មហាជន។ លោក​សម្ដែង​ជា​តួឯក​ប្រុស ដែលមាន​ច​រិត​លក្ខណៈ​ជា​តួ​ប្រុស​ពេញលេញ។ លោក​ថា រឿងនេះ ក៏​ជា​រឿង​ដែល​លោក​ចង់បង្ហាញ​ទៅកាន់​ផលិតករ ឬ​អ្នកដឹកនាំ​រឿង​ផ្សេងទៀត​ឱ្យបាន​ដឹងថា លោក​មិន​ស្ទាក់ស្ទើរ​ក្នុងការ​សម្ដែង​រឿង​បែប​BLទេ តែ​លោ​កថា លោក​ក៏​សុំ​ពិនិត្យ​ពី​សាច់រឿង​មុន​សម្ដែង​ដែរ។

លោក ជា លាង​ឈែ បានបញ្ជាក់​ទៀតថា តាមរយៈ​ការសម្ដែង​រឿង​បែប​BLនេះ លោក​មិន​ខ្លាច​នឹង​បាត់បង់​ប្រជាប្រិយភាព​ជាង​មុន​នោះទេ ព្រោះ​លោក​យល់ឃើញថា សម័យថ្មី​នេះហើយ​រឿង​បែប BLគឺជា​រឿង​ធម្មតាទៅហើយ ហើយក៏​មិនមាន​ការរើសអើង​ដូច​មុន​ទេ សូម្បីតែនារីៗសម័យនេះ​ក៏​ក្លាយជា​ហ្វេ​ន​របស់​រឿង BL ផងដែរ៕

ទស្សនាវីដេអូឈុតខ្លះពីក្នុងរឿង៖

Telegram-Troryorng
Share.