នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​មករា ឆ្នាំ​២០២២២ នេះ​ក្លិប​បាល់ទាត់​ Kawasaki Frontale ដែល​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​ជប៉ុន J1 League 2021 បាន​ប្រកាស​ពី​ការ​នាំ​យក​កីឡាករ Chanathip Songkrasin ដែល​មាន​រហស្សនាម Messi Jay របស់​ប្រទេស​ថៃ ដើម្បី​ត្រៀម​ប្រកួត​រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ​នេះ។

កីឡាករ​វ័យ​២៨ឆ្នាំ​រូប​នេះ​ទើប​តែ​ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍ AFF Suzuki Cup 2020 ខណៈ​រូប​គេ​ធ្លាប់​ឈ្នះ​២លើក​កន្លង​មក​ដែរ​គឺ​នៅ​ឆ្នាំ​២០១៤ និង​២០១៦ ព្រម​ទាំង​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្រ្ត​ផង​ដែរ។

កីឡាករ Chanathip Songkrasin បាន​ចាប់អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០១២ ជាមួយ​ក្រុម BEC Tero Sasana ហើយ​នៅ​ឆ្នាំ​២០១៦ បាន​ខ្ចី​ជើង​ទៅ​កាន់​ក្រុម Muangthong United និង​បន្ត​ចូលរួម​ក្រុម​នេះ​ជា​ផ្លូវការ​ដល់​ឆ្នាំ​២០១៩ តែ​ចន្លោះ​ឆ្នាំ​២០១៧-២០១៩ រូប​គេ​ត្រូវ​ក្លិប​បាល់ទាត់​ជប៉ុន Hokkaido Consadole Sapporo ខ្ចី​ជើង​ម្តង ហើយ​ពី​ឆ្នាំ​២០១៩​ដល់​២០២១ ទើប​ចូលរួម​ក្រុម Hokkaido Consadole Sapporo ជា​ផ្លូវការ។ ក្រោយ​ផុត​កិច្ចសន្យា​ក្រុម Kawasaki Frontale បាន​នាំ​យក​រូប​គេ​ទៅ​កីឡដ្ឋាន ​Kawasaki Todoroki Stadium វិញ​ម្តង។

ក្រោយ​ចូលរួម​ក្រុម​ថ្មី​កីឡាករ Messi Jay បាន​លើក​ឡើង​នៅ​លើ​កេហទំព័រ​ក្លិប Kawasaki Frontale ថា៖«ពេល​នេះ​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុម Kawasaki Frontale។ ខ្ញុំ​ពិត​ជា​មាន​កិត្តយស​ណាស់​ដែល​ទទួល​បាន​ឱកាស​ចូលរួម​ជាមួយ​ក្រុម Kawasaki Frontale។ ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​ប្រឹងប្រែង​ប្រកួត​អោយ​អស់​ពី​សមត្ថភាព ដើម្បី​សម្រេច​គោលដៅ​ក្នុង​រដូវកាល​ថ្មី​នេះ។ អីច្ចឹង​សូម​គាំទ្រ​លើក​ទឹកចិត្ត​ពួក​យើង​ផង»៕

Telegram-Troryorng
Share.