រដ្ឋបាលខេត្តរតនគីរី បានប្រកាសថា បានរកឃើញថា បុរស២នាក់បានឆ្លងកូវីដ១៩។ នេះជាករណីដំបូងគេដែលត្រូវបានរកឃើញ នៅក្នុងខេត្តមួយនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី នៅទីតាំងត្រួតពិនិត្យ (ចំណុចស្ពានស្រែពក) ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋជនជាតិខ្មែរ ចំនួន០២នាក់ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។

អ្នកដែលបានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តរតនគិរីនោះរួមមាន៖

-ឈ្មោះ នឹម អេង ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ
-ឈ្មោះ គង់ វីន ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងក្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាអ្នកកម្មករលើឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ស្រូវ។

បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានយកអ្នកជំងឺទាំង០២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាល កូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ភូមិបីត្រពាំងក្រហម ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រុមការងារបាននឹងកំពុងបន្តស្រាវជ្រាវរក អ្នកពាក់ព័ន្ធខាងលើនេះ៕

Share.