អ្នកណា​មិន​ល្បី កា​ប៉ា​កឡាក គឺជា​លោក ថ​មមី ដែល​ត្រូវជា​ស្វាមី​របស់​អ្នកនាង សួស វី​សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ខណៈ​គូស្នេហ៍​មួយគូ​នេះ​និយម​បង្ហាញ​ឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​ដឹងថា ជីវិត​ពួកគេ​ពោរ​ពេញ​ទៅដោយ​សុភមង្គល ក្រោយ​ទទួលបាន​កូនស្រី​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ​ Jenny ។

កូន​ដំបូង​របស់​អ្នក​ទាំងពីរ​ពេលនេះ​គឺជា​កូនស្រី​ដែល​ Cute គួរឱ្យ​ក្នាញ់​តែម្ដង រហូត​ធ្វើម៉ាក់ៗនិង​ប៉ាៗ​ស្រលាញ់​កូន​ស្ទើរ​លេប។ មិនថាឡើយ​ហ្វេ​ន​អ្នក​គាំទ្រ ឬ​មិត្ត​សិល្បៈ​រួម​អាជីព​នោះទេ រមែង​ពោល​សរសើរ​ចំពោះ​គ្រួសារ​ដ៏​កក់ក្ដៅ​របស់ សួស វី​សា និង​ជាពិសេស​ពួកគេ​ថា អ្នក​ទាំងពីរ​ពូកែ​តុបតែង​ខ្លួន​ឱ្យ​កូនស្រី គេ​ឃើញ​មាន​ភាព​ទាក់ភ្នែក​ទាំង​ម៉ូដ​សក់​និង​សម្លៀកបំពាក់​ជាប្រចាំ​តែម្ដង។

ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រួសារ​របស់ សួស វី​សា កាន់តែ​ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ ស្ញប់ស្ញែង និង​ចង់បាន​ភាព​កក់​បែបនេះ ដែល​នេះ​ក៏​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នកសិល្បៈ​ផងដែរ។ យ៉ាងណាមិញ គេ​ចាំបាន​ថា ថ្មីៗនេះ កា​ប៉ា​កា​ឡាក (ថ​មមី) បាន​ដឹកដៃអ្នកនាង សួស វី​សា ទៅ​លំហែកាយ​នៅ​តំបន់​ឆ្នេរសមុទ្រ ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ហើយក៏​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បីឱ្យ​អ្នក​ទាំងពីរ​កាន់តែ​រឹតចំណង​ស្នេហ៍​ឱ្យដល់​កំពូល​ផងដែរ។ មិន​ត្រឹមតែ​បង្ហោះ​សម្ញែង​ហ្វេ​ន​ពី​សកម្មភាព​ប្រលែង​គ្នា រត់តាម​ប្រដេញ​គ្នា បង្កើត​ស្ទាយ​ប្លែកភ្នែក​កូរ​អ្នកគាំទ្រ​នោះទេ ស្វាមី​អ្នកនាង សួស វី​សា ក៏បាន​បង្ហោះ​សារ​ប្រាប់​ហ្វេ​ន​ទៀតថា លោក​មាន​គម្រោង​ចង់បាន​កូនភ្លោះ​តែម្ដង បើ​ជ្រុល​ជាយ​កកូន​ហើយ គឺ​ម្ដង​ឱ្យបាន​ពីរ​ក្នុង​ឆ្នាំ​តែមួយ។

ផ្អែកលើ​សំណេរ​របស់លោក ថ​មមី រៀបរាប់​ប្រាប់​ហ្វេ​ន​អ្នកគាំទ្រ​ថា លោក​ពិត​ជាមាន​ក្ដី​សុខ​ណាស់​នៅពេលដែល​នៅ​ជិត​អ្នកនាង សួស វី​សា ហើយ​ពេលវេលា​មានន័យ​បែបនេះ តើ​អាចមាន​ប៉ុន្មាន​ដង​ទៀត​សម្រាប់​លោក? លោក​ចង់​អង្គុយ​ជិត​អ្នកនាង​ហើយ​មើល​ថ្ងៃ​លិច ស្រឡាញ់​និង​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត។ លោក​ថា ក្ដី​សុខ​បែបនេះ គឺ​មិនអាច​កាត់ថ្លៃ​បាន​នោះទេ វា​គឺជា​ក្ដី​សុខ​របស់​គ្រួសារ។ លោក​បាន​យក​ទឹកសមុទ្រ​ធ្វើជា​សាក្សី សក្ខីភាព​នៃ​ក្ដី​ស្នេហា​របស់​កលោក​ដែលមាន​ចំពោះ​អ្នកនាង សួស វី​សា ហើយ​លោក​ប្រាប់ថា នៅពេលដែល​ចំ​ឆ្នាំរោង​មកដល់ លោក​នឹងដាក់​គម្រោង​យក​កូនភ្លោះ​ឱ្យ​ទាល់តែ​បាន។

ងាក​មក​ដឹង​ពី​អារម្មណ៍​របស់​អ្នកនាង សួស វី​សា វិញ ហាក់ដូចជា​រីករាយ​ដែរ នៅពេល​បាន​ក្បែរ​ស្វាមី​យ៉ាង​កក់ក្ដៅ​បែបនេះ។ ដូច​មិន​ប្រកែក​ឡើយ អ្នកនាង សួស វី​សា រៀបរាប់​ប្រាប់​ឱ្យ​ហ្វេ​ន​ដឹងថា ជាតិ​នេះ​អ្នកនាង​និង​កូន​សំណាង​ណាស់ ដែលមាន​លោក ថ​មមី ជា​ស្វាមី និង​ជា​មេ​គ្រួសារ​ដ៏​ពូកែ និង​ល្អ​គួរឱ្យ​គោរព​ស្រលាញ់។ អ្នកនាង​ថាលោក ​ថ​មមី ជា​មនុស្ស​ចូលចិត្ត​លេងសើច​ច្រើន​ក៏ពិតមែន តែ​លោក​ម៉ឺងម៉ាត់។ អ្នកនាង ស្វាមី​អ្នកនាង​ខិតខំ​ប្រឹងប្រែង​ការងារ​ណាស់ ពេលខ្លះ​ការងារ​មិន​ហើយ​មិន​ខ្ចី​ហូបបាយ​ថែមទៀត ថែមទាំង​មិន​ហាមាត់​រអ៊ូ​ឱ្យ​អ្នកនាង​និង​គ្រួសារ​ដឹង​ទេ។ អ្នកនាង​ថា ជាតិ​នេះ​សូម​តែ​ស្វាមី​ស្រលាញ់​អ្នកនាង​និង​កូន​បែបនេះ​រហូត​តទៅ​គឺ​បាន​ហើយ។

គួរ​រំលឹក​ដែរ​ថា សួស វី​សា បាន​រៀបការ​ជាមួយ​លោក ប៊ុន​ថុល ប៊ុន​ថង ហៅ​ថ​មមី (កា​ប៉ា​កឡាក) កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និង​សម្រាល​កូនស្រី​ដំបូង​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ ក្រោយ​ចាប់ដៃគ្នា​សាង​គ្រួសារ​ហើយ អ្នក​ទាំងពីរ​បាន​ខិតខំ​សាង​ជីវភាព​ឱ្យ​កាន់តែ​ធូ​ធារ​ខ្លាំង ថែមទាំង​ទិញ​បាន​ផ្ទះ​វីឡា​ស្កឹមស្កៃ និង​ជិះ​រថយន្ដទំនើបៗដូចជា ​Lexus Lx570 ,Lexus Nx200t និង​Mazdaជាដើម៕

Telegram-Troryorng
Share.