សិល្បករដ៏ឆ្នើមមួយរូបរបស់កម្ពុជា គឺលោក ប៉ែន រ៉ូប៊ីត បានរៀបចំការតាំងពិព័រណ៌រូបគំនូរ ដែលលោកបានផ្ដោតសំខាន់លើទស្សនៈ «សេរីភាពនៃថ្ងៃស្អែក» នៅវិចិត្រសាល«សិល្បៈត្រជាក់ភ្នែក» ដែលបានប្រព្រឹត្តតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងមកម្លេះ។ ត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ រូបគំនូរជាច្រើនផ្ទាំងរបស់លោក បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងយល់ពីគំនិតបង្កប់យ៉ាងស៊ីជម្រៅតាមរយៈគំនូរនោះ។

រូបភាពពី សិល្បៈត្រជាក់ភ្នែក

តាមការពណ៌នារបស់សិល្បករ ប៉ែន រ៉ូប៊ីត បានរៀបរាប់ថា «កម្រងស្នាដៃនេះ សេរីភាពនៃថ្ងៃស្អែក.. មានកំណើតចេញមកពីចំណាប់អារម្មណ៍របស់ខ្ញុំដ៏យូរយារ ណាស់មកហើយទៅលើគតិផ្សេងៗទាក់ទិនទៅនឹង អំណាច យោធា ភាពជារដ្ឋាភិបាល និងប្រធានវិស័យភាព ព្រមទាំងសហសម្ពន្ធរវាងគតិទាំងនេះ ពោពេញទៅដោយការស្រមើស្រមៃនិងការសង្កេត។ កម្រងស្នាដៃនេះគោចរនិងពង្រីកវិសាលភាពលើអ្វីដែលហៅថា «សណ្តាប់ធ្នាប់.» ដែលនេះអាចជាអង្គការ/ការរៀបចំ និង ការទុកដាក់, ភាពសុខដុម និង ការត្រួតត្រា, ការបង្គាប់បញ្ហា, និង វណ្ណៈ»។

លោកបន្ដថា« នៅក្នុងធម្មជាតិរបស់វា «សណ្ដាប់ធ្នាប់» ត្រូវបានចាក់ស្រេះឬបង្កប់ទៅដោយកម្លាំងប្រឆាំងគ្នាពីរ( នេះប្រសិនបើមិនមែនជា«កង»ដែលមានមុខងារពីរ ឬ ប្រព័ន្ធទ្វេភាគីទេនោះ) នៃភាពវិជ្ជភាព និង ភាពអវិជ្ជមាននៃជីវិត និង ការស្លាប់, នៃភាពល្អ(ស្អាត) និង ភាពអាក្រក់, នៃអំណាច និង ភាពទន់ខ្សោយ, នៃការពិត និង ការស្រមើស្រមៃ, ហើយនៃមហាសុគតិភព (កន្លែងដែលល្អឥតខ្វះកើតនៅក្នុងការស្រមើស្រមៃ) និង មហាអគពិភព (កន្លែងដែលអាក្រក់ជួជាតិកើតនៅក្នុងការស្រមើស្រមៃ)»។

លោកបញ្ជាក់ទៀតថា «ការបង្កើតទេសភាពសេរីភាពនៃថ្ងៃស្អែកទាំងអស់មានគំនូរម្ភៃបួនផ្ទាំង មានដំណើរចេញពីរូបចំនួនពីរផ្ទាំង ស្បែកជើងទាហាន និងជំនូរអជីវចល ដែលស្នាដៃទាំងពីរនេះមានរចនាបថ បែបផែនជា«គំនូរជីវចល (Sol | LleNature: Morte)-ដូចគ្នា, ឬ យ៉ាងហោចណាស់ជា«គំនូរអជីវចល» ព្រោះតែសញ្ញាណនិម្មាបនកម្មរបស់រូបទាំងនេះផ្ទាល់»។

សិល្បករ ប៉ែន រ៉ូប៊ីត ជាង​គំនូរ​សហសម័យ មួយ​រូប​ដែល​ធ្លាប់​បាន​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​ប្រទេស​កាណាដា ក្នុង​កម្មវិធី​តាំងពិព័រណ៍​គំនូរ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៤ ។ លោកមាន​ស្រុកកំណើត​នៅក្នុង​ខេត្ត បាត់ដំបង និង​បាន​បញ្ចប់​ការសិក្សា​នៅ​អង្គការ​ហ្វាពន្លឺ​សិល្បៈ​ផ្នែក​សិល្បៈ​សូន​រូប​ក្នុង​ឆ្នាំ ២០១០ ។ លោក​មាន​ចំណូលចិត្ត​គូរគំនូរ​តាំងតែ​​ពី​លោក​នៅ​វ័យ​កុមារ ហើយ​ដោយសារ​តែ​ជីវភាព​មិន​ធូរធារ និង​មិនមាន​សមត្ថភាព​ក្នុង​ការសិក្សា អង្គការ​ហ្វា​ពន្លឺសិល្បៈ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​សិក្សា​​​ផ្នែក​ជំនាញ​ខាងលើ​​ក្នុង​ឆ្នាំ​ ២០០៥ ៕

Telegram-Troryorng
Share.