សារព័ត៌មាន The Star របស់​ម៉ាឡេស៊ី បាន​​បញ្ជាក់​ថា​ក្លិប Pahang FA របស់​ម៉ាឡេស៊ី ដែល​កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​ក្នុង​រដូវកាល ២០១៨ នៅ​ពេល​នេះ​កំពុង​តែ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​កូន​កាត់​ឡាវ-បារាំង Billy Ketkeophomphone ដើម្បី​បំពេញ​កូតា កីឡាករ​អាស៊ាន ក្នុង​បញ្ជី​កីឡាករ​ប្រទេស​របស់​ខ្លួន ក្នុង​ការ​ត្រៀម​រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ។

កីឡាករ Billy Ketkeophomphone លេខ២១

លោក​គ្រូ​បង្វឹក Christophe Gamel ជនជាតិ​បារាំង បាន​សម្លឹង​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បន្ទាប់​ពី​រូប​គេ​បាន​បង្ហាញ​ខ្លួន​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ ជា​លើក​ដំបូង​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ AFF Suzuki Cup 2020 ថ្មីៗនេះ​នៅ​ប្រទេស​សិង្ហបុរី។

កីឡាករ Billy ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្រុម​​បាល់ទាត់​ជា​ច្រើន​នៅ​ប្រទេស​បារាំង​ ពោល​គឺ​ធ្លាប់​លេង​ឱ្យ​ក្រុម Strasbourg, Sion, Tours, Angers, Auxerre, Cholet និង​ចុងក្រោយ​ជា​សមាជិក​ក្លិប Dunkerque។

​ក្លិប Pahang FA ក្នុង​រដូវកាល​២០២១ កន្លង​ទៅ​បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​ចំនួន​៥ រូប​ដោយ​ក្នុង​នោះ​កីឡាករ​កូតា​អាស៊ាន គឺ​កីឡាករ Aung Kaung Mannរបស់​មីយ៉ាន់ម៉ា ហើយ​កីឡាករ​កូតា​អាស៊ី​កីឡាករ Kenny Athiu របស់​អូស្រ្តាលី និង​កីឡាករ​៣រូប​ចម្រុះ​ជាតិ​សាសន៍ មាន​ Hérold Goulonជនជាតិ​បារាំង Yakubu Abubakar ជនជាតិ​ហ្គាណា និង​កីឡាករ Manuel Hidalgo ជនជាតិ​អាហ្សង់ទីន។

គិត​ត្រឹម​ពេល​នេះ​ក្លិប​៤ ក្នុង​ចំណោម​​១២ ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី បាន​ចុះ​បញ្ជី​កីឡាករ​កូតាអាស៊ាន ក្នុង​ក្រុម​ខ្លួន​ហើយ​ដោយ​​ក្លិប Kuala Lumpur City នាំ​យក​កីឡាករ​ហ្វីលីពីន Kevin Mendoza ក្លិប Sabah យក​កីឡាករ​ឥណ្ឌូណេស៊ី Saddil Ramdani ក្លិប Selangor នាំ​យក​កីឡាករ​សិង្ហបុរី Safuwan Baharudin និង​ក្លិប Terengganu នាំ​យក​កីឡាករ​ហ្វីលីពីន Luke Woodland។

សូម​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី គ្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៤ ខែ​មីនា ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ ខណៈ​លីគ​ទី២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៥ មីនា ដល់​៣ កញ្ញា ឆ្នាំ​២០២២ ក្រុម​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពាន AFC Champion League ហើយ​ក្រុម​ជើង​ឯក​រង​ចូលរួម​លេង​ពាន AFC Cup 2023 ខាង​មុខ៕

Telegram-Troryorng
Share.