ដើមត្នោត ជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ហើយ ខេត្តដែលសំបូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ។ ម៉្លោះហើយ លោក មុយ វី ប្រធានភូមិត្របែកទូង ឃុំស្រង់ ស្រុកគងពិសី និង លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននាំយកគ្រាប់ត្នោត ប្រមាណជា ១ម៉ឺនគ្រាប់ប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីយកទៅដាំនៅដីព្រៃលិចទឹកតំបន់៣ ក្នុងតំបន់បឹងទន្លេសាប។ 

លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

លោក មុយ វី ប្រធានភូមិត្របែងទូង ឃុំស្រង់ ស្រុកគងពិសី ដែលជាស្ថាបនិកគម្រោង “ភូមិខ្ញុំស្អាត” បានចូលរួមប្រគល់គ្រាប់ត្នោតដល់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមករា ២០២២ បាននិយាយថា ដើមត្នោតគឺជាអត្តសញ្ញាណរបស់កម្ពុជា ហើយខេត្តកំពង់ស្ពឺ សំបូរត្នោតជាងគេ នៅថ្ងៃនេះ គ្រាប់ត្នោតប្រមាណជា១ម៉ឺនគ្រាប់ បានប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីយកទៅដាំដុះនៅតំបន់ព្រៃលិចទឹក។ 

សូមចុចអាន៖ អ្នកភូមិត្របែកទូង ឃុំស្រង់ ផ្ដួចផ្ដើមគំនិតគម្រោង “ភូមិខ្ញុំស្អាត” ដាំដើមឈើ ដាំផ្កា ជុំវិញភូមិ

លោក មុយ វី ប្រធានភូមិ

កាលពីពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសចាត់វិធានការលើជនដែលរំលោភដីព្រៃលិចទឹក ហើយក៏មានមន្រ្តី ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ បានប្រកាសប្រគល់ដីជូនរដ្ឋវិញផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមបង្គោលឡើងវិញនៅតំបន់ព្រៃលិចទឹក និងការដាំដើមឈើ នៅតំបន់ព្រៃលិចទឹក ហើយការនាំយកគ្រាប់ត្នោតប្រគល់ជូនក្រសួងបរិស្ថាននៅពេលនេះ គឺជាផ្នែកមួយចូលរួមដាំដើមត្នោត នៅតំបន់ព្រៃលិចទឹក។ 

គួរបញ្ជាក់ថា ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចលើសពី ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង៕

Share.