កាល​ពី​ថ្ងៃ​ម្សិលមិញ​គឺ​ជា​ទិវា​អ្នក​ម្ដាយ​អន្តរជាតិ​ កូនៗ​ជា​ច្រើន​បាន​បង្ហោះ​សារ​ជូន​ពរ​ព្រម​ជាមួយ​នឹង​កាដូ​ផ្សេង​​ៗ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោងព្រាត​ដើម្បី​ចែក​រំលែក​ក្ដី​ស្រលាញ់​និង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ម្ដាយ​ដ៏​មាន​គុណ​ ប៉ុន្តែ​ឆ្នាំ​នេះ​កញ្ញា​ ទេព បូព្រឹក្ស​តារា​ចម្រៀង​និយម​ស្ទីល​ប្លែក​បែក​ជា​និយាយ​ថា​គ្មាន​កាដូ​ជូន​អ្នក​ម្ដាយ​ដូច​គេ​តែ​នឹង​ធ្វើ​រឿង​ពិសេស​នេះ​ជូន​វិញ។

FB TEP BOPREK

នៅ​ក្នុង​វីដេអូ​ Vlog ដែល​ស្រី​ស្អាត​រូប​នេះ​បាន​បង្ហោះ​ក្នុង​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​នេះ​ កញ្ញា ​ទេព បូព្រឹក្ស​បាន​ឱ្យ​ដឹង​ថា​ឆ្នាំ​នេះ​កញ្ញា​មិន​មាន​កាដូ​ជូន​អ្នក​ម្ដាយ​ជា​ពិសេស​នោះ​ទេ​ តែ​កញ្ញា​នឹង​ធ្វើ​អាហារ​ដ៏​ឆ្ងាញ់​ជូន​​អ្នក​មាន​គុណ​ពិសារ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​វិញ​​។​

កញ្ញា​ ទេព បូព្រឹក្ស​បាន​ចុះ​ទុន​ទៅ​ដើរ​ផ្សារ​ទិញ​គ្រឿង​ផ្សំ​ដើម្បី​ត្រៀម​អាហារ​ជូន​អ្នក​ម្ដាយ​ទទួល​ទាន​។ នៅ​ក្នុង​ពេល​អាហារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ក៏​មាន​វត្តមាន​ម្ចាស់​ចិត្ត​លោក​ ​ជា​ ដេវីដ​ចូលរួម​ទទួល​ទាន​ជាមួយ​គ្នា​ផង​ដែរ​។ អាហារ​ដែល​ ​កញ្ញា​ ទេព បូព្រឹក្ស​​ទទួល​បានការ​កោត​សរសើរ​ថា​មាន​រសជាតិ​ឆ្ងាញ់​ពី​អ្ន​ក​ម្ដាយ​ ​នៅ​ពេល​សួរ​ទៅ​ម្ចាស់​ចិត្ត​ពី​រសជាតិ​នៃ​ស្នាដៃ​ធ្វើ​ម្ហូប​របស់​ខ្លួន​លោក​ ជី ដេវីដ​ ​​បាន​ពោល​ពាក្យ​ផ្អែមលាយ​ស៊ី​អារម្មណ៍​​ថា​ «​ឆ្ងាញ់​ ហើយ​លោក​ជា​បុរស​ដែល​មាន​សំណាង​ជាង​គេ​» តែ​ក៏​មិន​ភ្លេច​ថែម​ទៀត​ថា​នារី​ដែល​មាន​សំណាង​ជាង​គេ​លើ​លោក​គឺ​អ្នក​ដែល​កំពុង​កាន់​កាំមេរ៉ា​ (សំដៅ​ដល់​កញ្ញា​ទេព​បូព្រឹក្ស)​។​

ថ្វី​ត្បិត​តែ​មិន​មាន​ជា​កាដូ​មាន​តម្លៃ​តែ​ការ​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​ឆ្លៀត​ពេល​ធ្វើ​ម្ហូប​ទទួល​ទាន​ជួប​ជុំ​គ្រួសារ​គឺ​ជា​បរិយាកាស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​និង​ស្ថិត​ក្នុង​ការ​ចងចាំ​បាន​យូរ​អង្វែង​ផង​ដែរ​។

ចុះ​ប្រិយមិត្ត​វិញ​ កាល​ពី​ម្សិលមិញ​មាន​បាន​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក​មាន​គុណ​ក្នុង​ទិវា​គុណ​ម្ដាយ​ដែរ​ទេ?

Share.