យោង​តាម​ការ​បញ្ជាក់​​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា លោក សោម ចំណាប់ នឹង​ដឹកនាំ​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក្នុង​ខែ​វិច្ឆិកា ខាង​មុខ។

លោក សោម ចំណាប់ ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​​កីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់នៅឆ្នាំ​២០០៣ ហើយ​នៅ​ឆ្នាំ​​​២០០៥ ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ហ្វីលីពីន ខណៈ​ឆ្នាំ​២០០៧ បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ថៃ និង​ធ្លាប់​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ផង​ដែរ។ កាល​ពី​ឆ្នាំ​២០០៨ លោក​ធ្លាប់​តំណាង​ឱ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត​ក្នុង​​កីឡា​អាស៊ី នៅ​ប្រទេស​កាតារ។ នៅ​ឆ្នាំ​២០០៨ ​កម្ពុជា មាន​ រៀបចំ​ការ​ប្រកួត​បាល់​ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​មួយ​ពេល​នោះ​លោក​ឈ្នះ​ទទួល​បាន​មេដាយ ប្រាក់​ផង​ដែរ។

ចូល​ដល់​ឆ្នាំ​២០០៩ លោក​បាន​​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​២០០៩ នៅ​ប្រទេស​ឡាវ តែ​ស៊ីហ្គេម​ឆ្នាំ​២០១១ នៅ​ឥណ្ឌូណេស៊ី លោក​ប្ដូរ​ទៅ​លេងបាល់ទះក្នុងសាល។

លោក​ជា​អតីតកីឡាករនៅក្លិបក្រសួងមហាផ្ទៃ ហើយ​បច្ចុប្បន្ន​ជា​គ្រូ​បាល់ទះ​នៅ​ក្លិប​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ៕

Share.