ខេត្តកំពត ៖ ឧកញ៉ា ប៉ែន នួន ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត ធ្វើការឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្នុងសំណុំរឿងបទល្មើសឆបោក បន្ទាប់ពី កម្លាំងសមត្ថកិច្ចចាប់ខ្លួនរបស់លោកម្តងរួចហើយកាលពីឆ្នាំ២០២០ក្នុងសំណុំរឿង រឿងឆបោកលុយរាប់ម៉ឺនដុល្លារ រហូតដល់តុលាកាបង្គាប់ឃុំខ្លួននៅពន្ធនាគារ។

មកដល់ពេលនេះសមត្ថកិច្ចបានចាប់ខ្លួនសារជាថ្មី ជាលើកទី២ ពាក់ព័ន្ធបទល្មើស ឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ។

តំណាងអយ្យការអមសាលាដំបូងខេត្តកំពត លោក ខា ដែនណា បានចេញដីកា បញ្ជាឲ្យ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ១៩៧៥ ពាន់អត្តសញ្ញាណប័ណ្ណលេខ១០០៧៥៤២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរ ករណីបណ្ដឹងរបស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលប្ដឹងខ្លួនថា បានប្រព្រឹត្តអំពើ ឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុង កំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។

ក្រោយការចាប់ខ្លួនជនឧកញ៉ារូបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត រៀបចំបញ្ជូន ទៅកាន់អយ្យការខេត្តចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.