បើ​គិត​មើលទៅ​តារាចម្រៀង​ស្រី សុ​ភ័​ក្រ កុ​សុ​ម៉ា នាពេល​សព្វថ្ងៃនេះ​គឺ​ជោគជ័យ​ចំពោះ​អាជីព​ជា​ពិធី​ការិនី​យ៉ាងខ្លាំង ហើយតាមរយៈ​អាជីព​នេះ បាន​ស្ដារ​ជីវភាព​របស់​កញ្ញា​ឱ្យ​ធូ​ធារ ជាងកាលដែល​ប្រឡូក​អាជីព​ចម្រៀង។ តែ​ក៏​មិន​ធ្វើឱ្យ​អ្នកគាំទ្រ​ខកបំណង​ដូចគ្នាដែរ កញ្ញា​តែងតែ​ព្រលយ​បទ​ចម្រៀង​យូរម្ដងៗ ដើម្បី​កំដរ​អារម្មណ៍​របស់​អ្នកគាំទ្រ ព្រោះថា កញ្ញាផ្ដើម​ឈាន​ជើង​ចូល​វិថី​សិល្បៈ​ចម្រៀង​នេះ តាំងតែ​ពី​តូច​មក​ម្លេះ រហូតដល់​អ្នកគាំទ្រ​ចាំ​ថា​ នាងក្មេងស្រី​តូច​សម្បុរ​ខ្មៅ​យក​ស្ទា​យ​តាម​អ្នកនាង យក់ ថិ​ត​រដ្ឋា។

មិន​ថា​នៅក្នុង​កម្មវិធី​ណា​ទេ សុ​ភ័​ក្រ កុ​សុ​ម៉ា គឺជា​មនុស្ស​ចូលចិត្ត​រីករាយ ហើយ​ធ្វើឱ្យ​អ្នក​នៅ​ជុំវិញ​សើច​សប្បាយ​ក្អាកក្អាយ។ តារា​ស្រី​រូបនេះ មិនត្រូវ​បាន​ហ្វេ​ន​អ្នកគាំទ្រ​លើកឡើងថា​ជាតា​រា​ស្រី​វាយឫក​នោះទេ តែនាង​ទទួលបាន​ការកោតសរសើ​រ​ពី​ហ្វេ​ន​អ្នកគាំទ្រ និង​មហាជន​ទៅវិញ​ថា ជា​តារា​ប្រិមប្រិយ​រួសរាយ​មិន​ប្រកាន់​ឫកគ្រប់ពេលវេលា​និងកាលៈទេសៈ។

កន្លងមក​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា ក៏​ធ្លាប់បាន​ទាញ​ប្រជាប្រិយភាព​តាមរយៈ​បទ​ចម្រៀង​ពីរោះ​របស់​នាង​ជាច្រើន​បទ​ផងដែរ រួមមាន​ដូចជា «បង​ប្រែ» «សំឡេង​បេះដូង» «អាច​ទេ» និង​បទ​ចម្រៀង Cover ជាច្រើន​បទ​ទៀត ដែល​សុទ្ធសឹងតែ​ទទួលបាន​ការពេញនិយម​ពី​សំណាក់​យុវវ័យ​អ្នកគាំទ្រ។ ថ្មីៗនេះ សុ​ភ័​ក្រ កុ​សុ​ម៉ា ក៏បាន​បញ្ចេញ MVបទ​ថ្មី​បែប​កំប្លុកកំប្លែង​ដែលមាន​ចំណងជើង​ថា «វា​តែ​ប៉ុណ្ណឹង»។ MVថ្មី​ឃើញ​មានការ​ចូលរួម​សម្ដែង​ដោយ​តារា​ហ្វេ​ស​ប៊ុ​ក និង TikTok ជាច្រើន​នាក់ដូចជា លោក Peypey Dy , លោក ថា​ន ដេ​វិដ Xm Belly , លោក នភាល័យ , Zamba Tak, ចាន់ David , Pich Raksa , Pha rothsuty, B-Devil និង​ក្រុម​រាំ​កិត្តិយស​ជាច្រើន​នាក់​ទៀត។

គួរ​ដឹងថា អត្ថន័យ​នៅក្នុង​បទ​ចម្រៀង​នេះ បាន​ឆ្លុះ​បង្ហាញ​ពី​ច​រឹត​ពិត​របស់ សុ​ភ័​ក្រ កុ​សុ​ម៉ា ទាំង​ក្នុង​នឹង​ក្រៅ​សិល្បៈ ដោយ​នាង​ត្រូវបាន​មិត្ត​ក្នុង​សិល្បៈ​បង្អាប់​ថា ជា​មនុស្ស​ឡិកឡក់ មិនចេះ​រម្យ​ទ​ម​នៅ​ស្ងៀម​ដូច​គេឯង​ឡើយ។ តែ​យ៉ាងណាមិញ អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​MVបទ​ថ្មី​នេះ គឺ​ភាពឆើតឆាយ​ចម្រុះ​ពណ៌​ដែល​ស៊ី​នឹង​តារាចម្រៀង​ស្រី សុ​ភ័​ក្រ កុ​សុ​ម៉ា តែម្ដង។ ហើយពីមួយប្លង់ទៅមួយប្លង់ កាន់តែធ្វើ​​ឱ្យអ្នកគាំទ្រផ្ទុះសំណើចតាមសាច់រឿងរបស់ MV៕

កុំឱ្យ​ខាត​ពេល​យូរ​ទស្សនា​វីដេអូ​បទ«វា​តែ​ប៉ុណ្ណឹង» ដោយ សុ​ភ័​ក្រ កុ​សុ​ម៉ា៖

Telegram-Troryorng
Share.