យោងតាមការផ្សព្វផ្សាយរបស់ក្រសួង​វប្បធម៌​ បានប្រកាស​ថា ​រដ្ឋាភិបាល​អាមេរិកបានដំណើរក្ដីក្នុងតុលាការពាក់​ព័ន្ធ​ នឹងវត្ថុបុរាណខ្មែរចំនួន២៨រូបដែលបាន​រឹបអូស​ពីអ្នកកាន់កាប់ឯកជន។ វត្ថុបុរាណទាំងនោះរួមមានរូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ (Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។

លោកជំទាវបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការបញ្ជូន​វត្ថុបុរាណខ្មែរ​ចំនួន២៨រូប ត្រឡប់​មកវិញនេះ​គឺជាការប្រឹងប្រែង​ដើម្បី​ស្វែងរកព្រលឹង​បុព្វបុរស​ខ្មែរ​ត្រឡប់​មកវិញ។ លោកជំទាវបន្តថា ការវិលត្រឡប់វត្ថុបុរាណខ្មែរមកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយរបស់កម្ពុជា។ វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។

ការបញ្ជូនត្រឡប់មកវិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរយើងដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម៕

Telegram-Troryorng
Share.