កំពង់ស្ពឺ ៖ យុវជនម្នាក់សង្ស័យខូចចិត្តនឹងសង្សារសុំបែក សម្រេចចិត្តបញ្ចប់ជីវិតដោយ លោតទឹកពីលើស្ពានទំនប់អូរត្រែង លង់លិចបាត់ បន្សល់ទុកតែម៉ូតូ បាត់មួយយប់ ទើបរកឃើញសព កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទំបន់អូរត្រែង ចំណុចភូមិអង្គសង្គ្រាម ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សពមានឈ្មោះដា វីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋ អ្នកភូមិ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ គេប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ចតទុកចោលលើស្ពាន ទំនប់អូរត្រែង ចំណុចព្រំប្រទល់ភូមិប៉ាងណា ឃុំជង្រុក និងភូមិអង្គសង្គ្រាម ឃុំព្រៃញាតិ។ពេលនោះមាន អ្នក ស្គាល់ភិនភាគម៉ូតូ ក៏បានទៅប្រាប់ក្រុមគ្រួសារ ទើបផ្អើលឆោឡោ សង្ស័យម្ចាស់ម៉ូតូលោតទឹក លង់ស្លាប់នាំគ្នាស្វែងរក តែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ទើបប្រទះឃើញសពជនរងគ្រោះ ។

តាមប្រភពមួយផ្សេងទៀត ពីមិត្តភ័ក្តិរបស់យុវជនរងគ្រោះ បានឲ្យដឹងថា សង្ស័យខូចចិត្ត សង្សារសុំបែក ទើបយុវជនរូបនេះ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ។

សពត្រូវបានសមត្ថកិច្ចពិនិត្យកោសល្យវិច័យ ឃើញថាពិតជាលង់ទឹកស្លាប់ រួចប្រគល់ជួនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.