ក្រោយពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ច បានឈានទៅចាប់ខ្លួន ជន សង្ស័យពាក់ព័ន្ធនឹងអំពើ ឃាតកម្មលើបុរសម្នាក់ដែលកំពុងអង្គុយលើម៉ូតូមើលគេរាំ ក្នុងពិធី បុណ្យដាលាន កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅក្នុង ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានហើយ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ផ្លេង កំសត់ ហៅអាឈ្លូស ភេទប្រុសអាយុ១៨ឆ្នាំ ជាកូនចុងរបស់ជនរងគ្រោះ រស់នៅក្នុងភូមិឃុំ កើតហេតុ។

សូមរំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ ត្រង់ចំណុចរោងប្រជុំភូមិស្រែកិនស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះស្រី វ៉ាតភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ចំកញ្ចឹង កពីក្រោយបណ្ដាលឱ្យ ជន រងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយ លើម៉ូតូ មើលគេរាំវង់កម្មវិធីបុណ្យដាលានភូមិ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញរបស់ អធិការដ្ឋានស្រុកឱរ៉ាល់ សហការជាមួយកម្លាំង ជំនាញនគរបាលការិយាល័យកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោ និងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ការពារកន្លែងកើតហេតុធ្វើការពិនិត្យនិងកំណត់មុខសញ្ញាដើម្បីស្វែងរកចាប់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនកាប់ឪពុកចុងឱ្យស្លាប់នេះគឺ ដោយសារ តែឪពុកចុងរូបនេះតែងតែវាយធ្វើបាបម្តាយរបស់ខ្លួនជាញឹកញាប់ មិនតែ ប៉ុណ្ណោះ ឪពុកចុងរូបនោះ ក៏ធ្លាប់គំរាមរកកាប់សម្លាប់ជីតារបស់ខ្លួនឈ្មោះ ផ្លេង និង ឪពុកមា របស់ខ្លួន ឈ្មោះ ផ្លេង តៅ ថែមទៀតផង។ដោយអត់ទ្រាំនឹងទង្វើរបស់ជនរងគ្រោះជាឪពុកចុង ដែលធ្វើ បាបម្តាយខ្លួនពុំបាន ទើបគេសម្រេចចិត្តរកឱកាសល្អសម្លាប់ឪពុកចុងចោល តែម្តង។

ដោយឃើញឱកាសល្អ នៅថ្ងៃកើតហេតុ ក្នុងភូមិមានរៀបចំបុណ្យភូមិ(ដាលាន)គេមានរៀបចំ ពិធីរាំរែក និងមាន មនុស្សម្នាច្រើនដើរលេង ហើយស្របពេលដែលឪពុកចុងចេញទៅដើរ លេងដែរ និងខ្វះការ ប្រុងប្រយត្ន័ អង្គុយលើម៉ូតូម្នាក់ឯង នៅដាច់ពីគេ ខ្លួនក៏រត់ទៅយកកាំបិត ផ្គាក់មកកាប់ពីក្រោយចំកញ្ចឹងកតែម្តង រួចគេក៏គេចខ្លួនបាត់។

សមត្ថកិច្ចបានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១២ខែមករាឆ្នាំ២០២២នេះ៕

Share.