ក្រោយ​ចាញ់​ក្រុម​បាល់ទាត់ Everton ក្នុង​ទឹកដី Emirates Stadium របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​កាំភ្លើងធំ Arsenal បាន​នាំគ្នា​ចេញ​តវ៉ា​បាតុកម្ម​ចង់​បណ្តេញ​លោក Stan Kroenke ដែល​ជា​ប្រធាន​ក្លិប​ចេញ ដោយ​សារ​តែ​​ក្រុម​មួយ​នេះ​មាន​គំនិត​ចូលរួម​ក្នុង​ពាន​ថ្មី​មួយ​ឈ្មោះ​ថា European Super League និង​បណ្តោយ​ឱ្យ​ក្លិប​​ស្ថិត​ក្នុង​សភាព​ដុនដាប​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស បើធៀប​នឹង​រដូវកាល​កន្លង​ទៅ។

«ចាកចេញ​ពីក្លិប Arsenal របស់​យើង» ឬ «យើង​ចង់​ឱ្យ​ Arsenal ត្រឡប់​មក​ដូច​ដើម​វិញ» នេះ​ជា​បដា​ដែល​អ្នក​គាំទ្រ​លើ​អំឡុង​ពេល​តវ៉ា​នៅ​មុខ​កីឡដ្ឋាន ក្នុង​ទីក្រុង​ឡុងដុង របស់​ខ្លួន។ Arsenal កាន់​តែ​នៅ​ឆ្ងាយ​ពី​តំបន់​កៅអី​ក្នុង​ពានរង្វាន់​ទ្វីប​អឺរ៉ុប នៅ​រដូវកាល​ក្រោយ ព្រោះ​នៅ​ឈរ​លេខ៩ មាន​៤៦ពិន្ទុ ស្រប​ពេល​នៅ​សល់​តែ​៥ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវកាល​ទៅ​ហើយ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ថៅកែ​ក្រុមហ៊ុនSpotify លោក Daniel Ekបាន​ប្រកាស​នៅ​លើ Twitter របស់​ខ្លួន​ថា​៖«តាំង​ដឹងក្ដី​​មក​ខ្ញុំ​ជា​អ្នក​គាំទ្រ Arsenal។ ប្រសិន​បើ​លោក Stan Kroenke លក់​ក្លិប​ Arsenal ខ្ញុំ​រីករាយ​នឹង​ទិញ​យក»។បុរស​ជនជាតិ​ស៊ុយអែត រូប​នេះ​មាន​ទ្រព្យ​ប្រមាណ ៤.៧ពាន់លាន​ដុល្លារ​អាមេរិក៕

Share.