បើ​រំលឹក​​ពី​​ភាពយន្ត​ខ្មោច​លង​រន្ធត់​រំជួល​ព្រលឹង​ មនុស្ស​គ្រប់​​គ្នា​ប្រាកដ​ជា​នឹង​ដល់​ភាពយន្ត​ខ្មោច​ឆៅ​ចិន​ ខ្មោច​ឆៅ​សក់​ក្រង​វែង​ ​មាន​មុខ​ស​ស្លេក​ ធ្មេញ​មុត​ស្រួច​ ហើយ​បំឡាស់​ទី​បាន​ដោយ​លោត​និង​លើក​ដៃ​ទាំង​​ពី​រ​ដាក់​ត្រង់​ទៅ​មុខ​។​

ងាក​មក​តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ខ្មោច​ឆៅ​ចិន​ដ៏​ល្បី​ល្បាញ​​អ្នក​គាំទ្រ​កម្ពុជា​មួយ​ភាគ​ធំ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ពី​​តួ​អង្គ​គ្រូ​ម៉ៅ​ ឬ​មាន​ឈ្មោះ​ពិត​​ជា​ភាសា​កាតាំង​ Lam Ching Ying ​និង​ភាសា​កុកងឺ​ Lín Zhèngyĩng (លីន ចឹង​អ៊ីង​) ព្រោះ​រឿង​ខ្មោច​ឆៅ​ភាគ​ច្រើន​មិន​អាច​ខ្វះ​វត្តមាន​របស់​លោក​បាន​ឡើយ​។ ថ្ងៃ​នេះ​ត្រយង​សូម​រំលឹក​ភាពយន្ត​ខ្មោច​ឆៅ​ចំនួន​៩​រឿង​ដ៏ល្បីល្បាញ​ ដែល​ជា​ស្នាដៃ​របស់​លោក​គ្រូ​ម៉ៅ​ កាល​លោក​នៅ​មាន​ជីវិត​។

ទី១. Mr. Vampire ឆ្នាំ​១៩៨៥

បើ​សិន​ជា​អ្នក​ខ្លាច​មិន​ហ៊ាន​ទស្សនា​រឿង​ខ្មោច​ រឿង​ខ្មោច​ឆៅ​មួយ​នេះ​អាច​ជា​រឿង​ល្អ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​មើល​រឿង​ខ្មោច​។ រឿង​នេះ​ផលិត​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០​ នៅ​ក្នុង​ខណៈ​ដែល​បច្ចេកវិទ្យា​មិន​ទាន់​ទំនើប​ចំណែក​ធនធាន​ផ្សេងៗ​ក៏​នៅ​មាន​កម្រិត។ ភាពយន្ត​ខ្មោច​ឆៅ​នេះ​មិន​ត្រឹម​តែ​មាន​ឈុត​គួរ​ឱ្យ​ខ្លាច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​​សំបូរ​ទៅ​ដោយ​ប្លង់​សើច​ជា​ច្រើន​ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែល​ទើប​ចាប់​ផ្ដើម​រៀន​មើល​រឿង​ខ្មោច​អាច​ជ្រើសរើស​ទស្សនា​រឿង​នេះ​បាន​។ ជាពិសេស​រឿង​នេះ​មាន​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​ Lam Ching ying សម្ដែង​ថែម​ទៀត​នោះ​ អ្នក​មិន​គួរ​មើល​រំលង​នោះ​ទេ​។ ​តាម​ដឹង​តារា​សម្ដែង​ហុងកុង​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តួ​អង្គ​មួយ​តំណាង​ឱ្យ​ឧស្សាហកម្ម​ភាពយន្ត​​ខ្មោច​របស់​ហុងកុង​ មួយ​វិញ​ទៀត​នៅ​ពេល​គេ​និយាយ​ពី​រឿង​ខ្មោច​ចិន​ឈ្មោះ​របស់​លោក​ប្រាកដ​ជា​ត្រូវ​គេ​រំលឹក​ដល់​ដូចគ្នា​។

ដូច​បាន​និយាយ​ហើយ​ថា​រឿង​ Mr. Vampire គឺជា​រឿង​មួយ​ល្បីល្បាញ​ខ្លាំង​បំផុត​ រឿង​នេះ​បាន​ផលិត​ជា​ច្រើន​វគ្គ ព្រោះ​ក្រោយ​ពី​Mr.Vampire ឆ្នាំ​១៩៨៥ ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​នោះ​ ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​ជា​បន្ត​បន្ទាប់​គ្នា​ទៀត​ចំនួន​៥​ដង ។ ទីពីរ​​ Mr.Vampire IIឆ្នាំ​១៩៨៦ , ទីបី Mr. Vampire III ឆ្នាំ​១៩៨៦ ទីបួន ទីបួនMr.Vampire III ឆ្នាំ​១៩៨៨ និង​​ទីប្រាំ ​Mr.Vampire ឆ្នាំ​១៩៩២។

ក្រៅ​ពី​​ភាពយន្ត​ខ្មោចឆៅ​ចំនួន​៥​នៅ​ក្នុង​ត្រកូល​ Mr.Vampire របស់​លោក​តា Lam Ching ying ​ទទួល​បាន​ជោគជ័យ​ហើយ​នោះ​ លោក​ក៏​នៅ​មាន​ស្នាដៃ​ភាពយន្ត​ល្បី​ល្បាញ​ចំនួន​៤​រឿង​ផ្សេង​​ទៀត​ដែរ។

ទី​៦ Vampire VS Vampire ឆ្នាំ​១៩៨៩​

ថ្វី​ត្បិត​តែ​រឿង​នេះ​ដាក់​ឈ្មោះ​ថា​ Vampire VS Vampire ប៉ុន្តែ​រឿង​នេះ​នៅ​តែត្រូវ​បាន​គេ​ចាត់​ទុក​ថាស្ថិត​ក្នុង​ត្រកូល​រឿង​ Mr. Vampire ដដែល​។ រឿង​នេះ​ខុស​ពី​រឿង​ដែល​លោកតា​ Lam សម្ដែង​មុន​ៗ​​ព្រោះ​ក្រៅ​ពី​មាន​ខ្មោច​ឆៅ​ចិន​ហើយ​នោះ​ នៅ​មាន​ខ្មោច​ឆៅ​ជញ្ជក់ឈាម​មក​ពី​វប្បធម៌​លោក​ខាង​លិច​មាន​វត្តមាន​ក្នុង​រឿង​នេះ​ដែរ។ សម្រាប់​រឿង​នេះ​គឺ​ជា​រឿង​ចិន​ដំបូង​ដែល​បញ្ចូល​ខ្មោច​អ៊ឺរ៉ុប​ចូល​ក្នុង​វិស័យ​ភាព​យន្ត​ប្រទេស​ចិន​ ហើយ​រឿង​នេះ​ក៏​ជា​រឿង​មួយ​ដែល​បើកទ្វារ​ដ៏​ធំ​សម្រាប់​ឧស្សាហកម្មភាពយន្ត​ចិន​។​

ទី៧ Magic Cop

សម្រាប់​រឿង​ស្ថិត​ក្នុង​លំដាប់​ទី​៧​នេះ​ ដោយ​ម្ដង​នេះ​​ភាពយន្ត​ខ្មោច​ឆៅ​នេះ​មិន​ត្រឹម​តែ​បញ្ចូល​លទ្ធិ​តៅ​ចូល​ទៅ​​ក្នុង​នោះ​ ប៉ុន្តែ​បាន​បញ្ចូល​ជាមួយ​នឹង​ជំនឿ​របស់​ជប៉ុន​ក៏​ដូច​ជា​សមត្ថកិច្ច​នគរបាល​​បញ្ចូល​ក្នុង​សាច់​រៀង​ផង​ដែឬ​។ ឈុត​វាយ​តប់​គ្នា​រវាង​លោក​តា​ Lam Ching Ying និង​លោកយាយ Michiko Nishiwaki ពិត​ជា​អស្ចារ្យ​ណាស់​​គឺ​មិន​​ត្រឹម​តែ​រលូន​នោះ​ទេ​ ថែម​ទាំង​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ​។ យ៉ាង​ណា​មិញ​រឿង​នេះ​បើ​ប្រៀបធៀប​​នឹង​រឿង​ផ្សេង​ៗ​របស់​លោក​មិន​សូវ​​ជា​ល្បីល្បាញ​ខ្លាំង​នោះ​ទេ​ ដោយ​សារ​តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​មាន​ភាពយន្ត​ច្រើន​ ហើយ​សាច់​រឿង​ក៏​ស្រដៀងៗ​គ្នា​ដែរ​ ប៉ុន្តែ​រឿង​នេះ​នៅ​តែ​ជា​រឿង​ដែល​ល្អ​​ ដែល​អ្នក​ទស្សនា​មិន​គួរ​មើល​រំលង​។

ទី៨ The Haunted Cop Shop (1987)

រឿង​នេះ​អាច​នឹង​មាន​ឈ្មោះ​មួយ​ទៀត​ The Haunted Police Station រឿង​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ចម្រៀង​ល្បី​រូប​សង្ហា​ Jacky Cheung និង​តារា​សម្ដែង​កំប្លែង​ដ៏​ល្បីល្បាញ​ Ricky Hui គ្រាន់​តែ​កំពូល​តារា​២​ដួង​នេះ​ប៉ះ​គ្នា​ ធ្វើ​ឱ្យ​រឿង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បាត់​ទៅ​ហើយ​។ រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​ស្ថានីយ​ប៉ូលិស​ហុងកុង​ រឿង​នេះ​មាន​ចំណុច​កំប្លុកកំប្លែង​ជា​ច្រើន​ប៉ុន្តែ​ឈុត​ឆាក​ខ្លះ​ក៏​មើល​ទៅ​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់​ដែរ​។ រឿង​នេះ​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​មើល​រឿង​រន្ធត់​តែ​លាយ​បង្កប់​ដោយ​ឈុត​ឆាក​កំប្លែង​សើច​។

ទី៩ Spooky Encounters (1980)

នៅ​ក្នុង​ចំណោម​រឿង​ទាំង​អស់​ដែល​ជា​ស្នាដៃ​សម្ដែង​របស់​លោក​តាម​ Lam Chi Ying ភាពយន្ត​នេះ​គឺជា​ភាពយន្ត​ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​។ រឿង​នេះ​ក៏​មាន​វត្តមាន​សម្ដែង​ដោយ​កំពួល​តារា​ក្បាច់​គុន​មាឌ​យក្ស​ Sammo Hung ឬ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ស្គាល់​លោក​ថា ហុង​ ជីង​ប៉ាវ​។ សម្រាប់​រឿង​នេះ​អ្នក​ទស្សនា​ប្រាកដ​ជា​បាន​មើល​ឈុត​ឆាក​វាយ​តប់​គ្នា​ប៉ុន្តែ​មិន​មែន​ជា​វាយតប់​គ្នា​បែប​ប្រាកដ​ប្រជា​ដូច​រឿង​មុនៗ​របស់​ហុង​ជីងប៉ាវនោះ​ទេ​ ប៉ុន្តែ​ជា​ការ​វ៉ៃ​គ្នា​ដែល​មើល​ហើយ​នាំ​ឱ្យ​អ្នក​ទស្សនា​​ផ្ទុះ​សំណើច​។ រឿង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​​ភាពយន្ត​ខ្មោច​បែប​កំប្លែង​ដំបូង​ៗ​គេ​​ក្នុង​វិស័យ​ភាពយន្ត​ហុង​កុង​ ដែល​ធ្វើ​ឱ្យ​អ្នក​ផលិត​រឿង​ក្រោយ​ៗ​ចាប់​ផ្ដើម​យក​តាម​ Concept បែបនេះ​។ ភាពយន្ត​នេះ​បាន​បង្កើត​នូវ​រសជាតិ​ថ្មី​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង​​ដែល​ធ្វើ​ផ្ដល់​នូវ​ចំណី​អារម្មណ៍​ថ្មី​ប្លែក​សម្រាប់​អ្នក​ទស្សនា​៕

ទស្សនាវីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.