ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជំនាញ សកម្មខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល បង្ក្រាបជាក់ស្តែង និងស្រាវជ្រាវបន្តតាមចាប់ខ្លួន បាន ៣នាក់ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ត្រូវបាន នាំខ្លួនកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ នេះ ។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១ ឈ្មោះ លន់ ផាលីប ហៅខ្មៅ ហៅផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ទី២ ឈ្មោះ ស៊ឹង ប៊ុនឡុង ហៅឡុង អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ផ្លូវបេតុង ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ ហម សុខនិត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ខ្លួនក្រុមជនសង្ស័យបានធ្វើសកម្មភាពសកម្ម ឆក់ តាមផ្លូវជាតិលេខ៣ លេខ៤ ភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ហើយកាលពី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រុម ជនសង្ស័យធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិ លេខ៣ហើយ បន្តទៅឆក់នៅក្នុង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ បន្តទៀត  យកទូរស័ព្ទពីជនរងគ្រោះឈ្មោះ ជិន សុចិត្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ដឹកឥវ៉ាន់ អនឡាញ ស្នាក់នៅផ្ទះលេខ៥៤ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធីសែនជ័យ ខណៈដែលកំពុងជិះម៉ូតូស្កុបពី ។ ភ្លាមៗត្រូវបានប្រជាពលរដ្ឋ សន្តិសុខ រាយការណ៍ ប្រាប់សមត្ថកិច្ច ទើបកម្លាំងនគរបាលខណ្ឌ កំបូល ចេញអត្តរាគមន៍ ប្រដេញ តាមស្ទាក់ ចាប់ខ្លួនបានម្នាក់ នាំទៅសាកសួរ ស្រាវជ្រាវបន្តចាប់បានបក្ខពួកម្នាក់ទៀត នៅព្រលប់ថ្ងៃ ដដែល និងបន្តតាមចាប់ខ្លួនបានម្នាក់ទៀត នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងស្រុកបាទី ខេត្តតាកែវ ។

ក្នុងប្រតិបត្តិការបង្ក្រាបនិងស្រាវជ្រាវចាប់ក្រុមជនសង្ស័យសកម្មឆក់បាន៣នាក់ ដកហូតបានម៉ូតូ២គ្រឿង ម៉ាកឃ្លីក និង ហុងដាឌ្រីម រួចនាំទៅសាកសួរ កសាងសំណុំរឿងនៅផ្នែកជំនាញ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២នេះ ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់តុលាកា ៕

Share.