ហ្វេ​ន​អ្នកគាំទ្រ​ជាច្រើន​នាក់​តែងតែ​សង្ស័យ​ពី​ទំនាក់ទំនង​ពិតប្រាកដ​រវាង​លោក ហេង វិសាល និង ស្រី​នា ដែល​អ្នក​ទាំងពីរ Influencer និង​ជា Youtuber ល្បីៗឈ្មោះ​មិន​ចាញ់​គ្នា។ គេ​ឧស្សាហ៍​ឃើញ ហេង វិសាល និង ស្រី​នា មាន​ភាពស្និទ្ធស្នាល ព្រមទាំង​ស៊ីចង្វាក់​ទាំង​សម្តី​គ្នា​នឹង​គ្នា រហូតដល់​អ្នកគាំទ្រ​ផ្គូ​ផ្គូ​ង​រំអុកឱ្យ​ពួកគេ​មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​គ្នា​ពិតទៀតផង។

តែ​យ៉ាងណាក្ដី កន្លងមក លោក ហេង វិសាល និង​ស្រី​នា ធ្លាប់បាន​អះអាង​ហើយ ប្រសិនបើ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំងពីរ គឺ​មិន​ទៅរួច​នោះទេ ព្រោះ​សំខាន់​ទៅលើ​អារម្មណ៍ និង​ចិត្ត​ស្រឡាញ់​រៀងខ្លួន។

ថ្មីៗនេះ ហេង វិសាល និង​ស្រី​នា បាន​ចាប់ដៃគ្នា​សម្ដែង​រឿង​ដំបូង​រួមគ្នា​ដែលមាន​ចំណងជើង​ថា «សិស្ស​អាយុ27ឆ្នាំ» ដែលជា​ប្រភេទ​រឿង​ស៊េរី(Series) ត​ភាគ។ ថ្វីត្បិតតែ​ជា​រឿង​ដំបូង​សម្រាប់ ស្រី​នា ក៏ពិតមែន តែ​នាង​ធ្វើ​បានល្អ​ទាំងការសម្ដែង និង​បានធ្វើឱ្យ​អ្នកគាំទ្រ​ទស្សនា​ហើយ មានអារម្មណ៍លង់​ជាមួយ​ការសម្ដែង​របស់​នាង​តែម្ដង។ តាមរយៈ​វីដេអូ​រឿង «សិស្ស​អាយុ27ឆ្នាំ» ទើបតែ​ចេញ​បានតែ ២ភាគ​តែប៉ុណ្ណោះ ដែល​ភាគ​ទី១ បាន​រៀបរាប់​ឱ្យឃើញថា ស្រី​នា គឺជា​ប្រធាន​ថ្នាក់ និង​ជា​សិស្សស្រី​ពូកែ​ម្នាក់ ចំណែកឯ ហេង វិសាល ជា​សិស្ស​ប្រុស​ដែល​រៀន​ធ្លា​ក់បាក់​ឌុប៩ឆ្នាំមក​ហើយ។ សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់​តែងតែ​ខ្លាច ស្រី​នា ព្រោះ​នាង​ជា​ប្រធាន​ថ្នាក់​ដែល​កាច និង​មាន​វិន័យ​តឹងរឹង។ ជួបគ្នា​ថ្ងៃ​ដំបូង ហេង វិសាល បាន​ផ្ដើម​បង្កើត​ទំនាក់ទំនង​ស្គាល់គ្នា​ជាមួយ ស្រី​នា តាមរយៈ​ឈ្មោះពិត​របស់ម្នាក់ៗ ដោយ​ប្រយោគ​មួយ​ដ៏​ទាក់ទាញ​ថា «បើ​ចង់ដឹង​ច្បាស់​ថា ម៉េច​បានដាក់​ឈ្មោះ​ហ្នឹង ម៉េច​មិន​ទៅ​សួរ​ម៉ែឪ​ខ្ញុំ»។ ប្រយោគ​នេះ​ក្លាយជា​ពាក្យ​ឌឺដងឱ្យ​គ្នា​ទៅវិញទៅមក ដែលកាន់តែធ្វើឱ្យ​អ្នក​ទាំងពីរខិតមកចាប់អារម្មណ៍គ្នា ហើយចូលមក​កៀកស្និទ្ធស្នាល​គ្នាតែម្ដង។

ចូលមក​ដល់​ភាគ​ទី២វិញ ពីមួយ​ប្លង់​ទៅមួយ​ប្លង់ ហេង វិសាល និង ស្រី​នា កាន់តែ​ធ្វើឱ្យ​អ្នកទស្សនា​លើស​ជាតិ​ស្ករ និង​ញញឹម​តែម្នាក់ឯង​ដោយ​មិនដឹង​ខ្លួន។ ភាគ​ទី២នេះ​បាន​រំលេច​តួអង្គ​ប្រុស​សង្ហា​មួយរូប​ទៀត​មាន​ឈ្មោះថា សុ​តា ។ សុ​តា ត្រូវបាន​ដើរតួ​សំខាន់​ក្នុង​រឿងនេះ ដើម្បី​ស្រាយឱ្យទំនាក់ទំនង​រវាង ហេង វិសាល និង ស្រី​នា កាន់តែ​ស៊ីជម្រៅ និង​ធ្លាយ​អារម្មណ៍​រៀងខ្លួន​បង្ហាញ​ដាក់គ្នា​ទៅវិញទៅមក។ ហេង វិសាល ចាប់ផ្ដើម​ច្របូកច្របល់​ក្នុង​ចិត្ត ហើយ​លួច​ប្រច័ណ្ឌ ស្រី​នា និង​សុ​តា ទាំង​ទទួលដំណឹង​ពី​មិត្ត​ភ័​ក្ត​របស់ខ្លួន​ថា អ្នក​ទាំងពីរ​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​ស្និទ្ធស្នាល​គ្នា​បំផុត និង​ជា​សិស្ស​ពូកែ​ដូចគ្នា​តែម្ដង។ ដំណឹង​នេះ​កាន់តែ​ធ្វើឱ្យ ហេង វិសាល រៀន​លែង​ចូល​ទៀតហើយ អាច​ប្រឈម​ហ្នឹង​ប្រលង​ឆ្លាក់​មួយឆ្នាំ​ទៀត បើ​ធ្វេស​ប្រហែសមិនខំរៀនសូត្រ។ ក្រោយមកទៀត ស្រី​នា បានធ្វើឱ្យ ហេង វិសាល យល់ច្បាស់​ពី​ទំនាក់ទំនង​នាង និង​សុ​តា។ ហេង វិសាល ដូច​ជាមាន​ទឹកមាត់​លេប​វិញ​ហើយ និងកាន់តែខំរៀនថែមទៀត នៅពេលដែលបានក្បែរស្រីនា។

អ្នកគាំទ្រ​ដែល​បាន​ទស្សនា​ទាំងពីរ​ភាគ​នេះហើយ មាន​អារម្មណ៍​ថា ហេង វិសាល គឺ​កាន់តែ​ស្និទ្ធស្នាល និង Sweet ដាក់ ស្រីនា ដូច​លើសពី​តួ​សម្ដែង​ទៅទៀត។ ចំពោះសាច់រឿង​បន្ដ​គេ​នៅ​មិនទាន់​ដឹងថា ទំនាក់ទំនង​ស្នេហា​ក្នុង​រឿង​បន្ដទៀត​ទៅជា​យ៉ាងណា​នោះទេ មានតែ​ចាំ​តាមដាន​បន្ដទៀត។ ក៏ប៉ុន្ដែ​មានការ​ពោល​សរសើរ​ពី​ហ្វេ​ន​អ្នកគាំទ្រ​ថា ហេង វិសាល និង​ស្រី​នា ពិតជា​សម្ដែង​សម​គ្នា​ខ្លាំង​មែនទែន ជាពិសេស​គឺ​ឈុត​ស្នេហា ដែល​អ្នក​ទាំងពីរ​អាច​ធ្វើឱ្យ​ហ្វេ​ន​ឈ្លក់​វង្វេង​នឹង​ការសម្ដែង​របស់​ពួកគេ​បាន​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍។

គួរបញ្ជាក់​ផងដែរ​ថា រឿង «សិស្ស​អាយុ27ឆ្នាំ» ត្រូវបាន​សរសេរ​សាច់​រឿង​ឡើង​ដោយ​លោក ហេង វិសាល និង​ស្រី​នា ហើយ​ជាពិសេស​រឿងនេះ​ត្រូវបាន​ដឹកនាំ​ការសម្ដែង​ដោយ​លោក ហេង វិសាល ផ្ទាល់​តែម្ដង។ រហូតមកទល់​ពេលនេះ រឿង «សិស្ស​អាយុ27ឆ្នាំ» កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​យុវវ័យ៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.