ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈដែលបុរសជាប្តីរងរបួសស្រាល ពេលកំពុងជិះម៉ូតូមកពី ធ្វើបុណ្យសពឪពុកវិញត្រូវរថយន្តហាយឡែនឌ័របើកវ៉ាជែងគ្នាជ្រុលកៀរ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ភឿក សុភឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ត្រូវ ជាប្តី។ ចំណែកស្ត្រីជាភរិយាមានឈ្មោះ សួន ស្រីមុំ អាយុ៥៣ឆ្នាំ មុខរបរ កសិករ ។ ទាំង២នាក់ រស់នៅភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-8747 ឌុបគ្នាមានទាំងឥវ៉ាន់ផង វិលត្រឡប់មកពីធ្វើបុណ្យសពឪពុកនៅខេត្តតាកែវ ក្នុងបំណងវិលទៅផ្ទះវិញ ដោយធ្វើ ដំណើរ កាត់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ត ហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បើកស្របទិសវ៉ាជែងគ្នា ជ្រុលកៀរដួល បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ប្រពន្ធ ប្តីរបួសស្រាល ហើយរថយន្តបង្កបើករត់ គេចបាត់ ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅពេទ្យ និងយកម៉ូតូទៅជួសជុលដោយខ្លួនឯង ខណៈដែលរថយន្តបង្កបើកគេចទៅបាត់ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.