កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល​​ ​កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ក្រសួង​មហាផ្ទៃ​ ​បាន​ធ្វើ​ប្រតិបត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿង​សំអាង​មួយ​កន្លែង​ដែល​មាន​​ឈ្មោះ​ប្រ៊េន​ថា​ DMLN ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​ជន​រងគ្រោះ​ដែល​ប្រើប្រាស់​ផលិតផល​​ហើយ​រង​ផល​ប៉ះពាល់​។

ទីតាំង​បង្ក្រាប​ផលិតផល​ប្រ៊េន​ DMLN ​ស្ថិត​នៅ​ក្បែរ​វត្ត​អង្គតាម៉ិញ​ ​នៅ​ចំណុច​ផ្ទះ​លេខ​៤៧២​ ផ្លូវ​លេខ​ដោន​ថោន​៧​ ភូមិ​គោកចំបក់​ ​សង្កាត់​ចោមចៅទី១​ ​ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ផលិតផល​គ្រឿង​សំអាង​ម៉ាក​នេះ​ត្រូវ​បាន​មហាជន​និង​អតិថិជន​​ស្គាល់​ថា​ជា​រប​ស់​អ្នក​នាង​ ដេត ម៉ាលីណា អតីត​ភរិយា​លោក​ ឌួង ឆាយ​។

ចុចអានព័ត៌មាននេះ៖ សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​លក់​​ផលិតផល​ អ្នក​នាង​ ដេត​ ម៉ាលីណា​ (អតីត​ភរិយា​ឌួង ឆាយ) ក្រោយ​មាន​​អតិថិជន​ប្ដឹង​!

ក្រោយកើតហតុការណ៍ខាងលើនេះ បើតាមសំណេររបស់លោក ឌួង ឆាយ បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី ១៤ ខែមករា​ ឆ្នាំ២០២២នេះ បានអះអាងថា មានគេខលមកលោកជាច្រើនាក់ដោយសួរនាំរឿងរបស់អតីតភរិយាលោក។ នៅក្នុងនោះ ក៏មានទាំងអ្នកដែលចោទលោកទៀតថា រឿងនេះជាការធ្វើបាបមកលើអតីតភរិយាតែម្ដង។ លោក ឌួង ឆាយ បានបញ្ជាក់ថា «មានគេខលមកសួរខ្ញុំជាច្រើន មានទាំងអ្នកដែលចោទខ្ញុំទៀតថា ខ្ញុំធ្វើបាបនាង។ ចុះពេលនាងស្រវឹងបើកឡានបុកទ្រូងផ្លូវមិចបានមិនចោទខ្ញុំផង ថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើកឡានបុកទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវ តាំងពីដើមរហូតមកដល់ពេលនេះ»។

សង្ស័យតែមានអ្នកអន្ដរាគមន៍ និងលូកដៃក្នុងរឿងនេះ ហើយចោទប្រកាន់លោក ឌួង ឆាយ ទើបបានជាលោកបន្ដនិយាយទៀតថា «ហើយលោកឯងមានបុណ្យសក្តិ​តួនាទីជាស្អីដែរ បានលោកឯងអន្តរាគមន៍រឿងគេ នឹងលោកឯងជាស្អីដែរហាស បានដើរកាងគេកាងឯងគ្រប់រឿងចឹង ហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀត ប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកស៊ីខុសច្បាប់គ្រប់បទល្មើស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគាត់ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានបទល្មើស តើអោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត?»។

ជុំវិញ​ករណី​របស់អ្នក​នាង​ ដេត​ ម៉ាលីណា ​​សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ដើម្បី​ស្នើ​សុំ​ការ​បំភ្លឺ ប៉ុន្តែ​​នៅ​មិន​អាច​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​នាង​បាន​ឡើយ​៕​​​

Telegram-Troryorng
Share.