កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តអូស សណ្តោងពោងស៊ីម៉ង់ត៍ បើកបុកម៉ូតូហុងដាគុប កំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យកល់ជាប់ពី ក្រោម បង្កជាអណ្តាតភ្លើងឆេះទាំងរថយន្ត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាគុប បើកឆ្លងផ្លូវពីលិចទៅកើត បំណងបត់ឆ្ពោះទៅជើង ស្រាប់តែរថយន្ត ប្រភេទ អូសសណ្តោង ពោងស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2440 បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ល្បឿនលឿន ពីត្បូងទៅជើង។ ដល់ចំណុចកើតហេតុ រថយន្តក៏ វ៉ាជែងរថយន្ត ខាងមុខ ទៅបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ ម៉ូតូកល់គាបជាប់ពីក្រោមរថយន្ត បង្កជា អណ្តាតភ្លើង ឆាបឆេះទាំង រថយន្ត សន្ធោរសន្ធៅឡើង ។

ក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ រថយន្តពន្លត់អគ្គិភ័យបានចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ខណៈដែលរថយន្តរងការខូចទាំងស្រុង សល់តែពោងស៊ីម៉ង់ត៍៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.