ដើម្បីទទួលបានសិរីសួស្ដី និងមានលាភ មានជ័យ នៅមុនចូលឆ្នាំចិន រមែងសម្អាតផ្ទះ និងពិធីដកជើងធូប នៅមុន១សប្ដាហ៍ នៃពិធីបុណ្យចូលឆ្នាំចិនមកដល់។ 

ឆ្នាំនេះ ពិធីដកជើងធូបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែមករា ២០២២។ តើការដកជើងធូបបែបណាឲ្យត្រូវតាមក្បួនចិន និងមានលាភ មានជ័យ? ឆ្លើយតបនឹងសំណួរនេះ លោក កុក ឡុង គ្រូហោរ៉ាចិនសែ ល្បីល្បាញមួយរូប នៅកម្ពុជា បានប្រាប់សារព័ត៌មានត្រយង ដូចខាងក្រោមនេះ ៖ 

ការដកជើងធូបអាស្រ័យលើទម្លាប់និងអាស្រ័យលើគ្រូហោប៉ុន្ដែលោកកុកឡុងបានបញ្ជាក់ថាការដកជើងធូបរមែងពិធីស្រដៀងប្រពៃណីខ្មែរដោយ មុនដកជើងធូប គឺធ្វើពិធីក្រុងពាលី។ ឯចិនគ្រាន់តែអុចធូបមួយដើមធំ និងផ្លែឈើមួយមុខ (ក្រូច..) ជម្រាបជូនបារមីជំនាងផ្ទះ ទេព្តាចង្ត្រាន្តបាយ និងដូនតា ដោយប្រាប់ថានឹងត្រូវធ្វើការដកជើងធូបហើយ ហើយនៅពេលធូបមួយដើមនេះឆេះអស់ ១ភាគ៣ គឺចាប់ផ្ដើមដកធូប។ ការអុជធូបសែន ចំពោះជំនាងផ្ទះ អុជធូប ៥សសៃ, សែនទេព្តា និង ដូនតា គឺអុជធូប ៣សសៃ។  «មុនដកជើងធូបយើងត្រូវអុជធូប១ដើមដើម្បីជម្រាបជូនពួកគាត់ក។ រោយអុជបានបន្ដិច ចាប់ផ្ដើមដកជើងធូបទាំងអស់ បន្ទាប់មកដោតជើងធូបជុំវិញកំប៉ុងបង្កើតភាពរឹងមាំរហូតដល់១២ (ស្រដៀងនាឡិកា ដែលមានលេខទាំង១២) ឯជើងធូបលេខ ១៣ ១៤ និង១៥ ដោតចំកណ្ដាល នៃរង្វង់មូលជើងធូបទាំង១២»។

អំពីកំប៉ុងជើងធូប៖ សម្អាតកំពុងជើងធូបឲ្យបានស្អាតរួចដាក់ដីខ្សាច់១ដៃ ផេះតំណាងដីស្រែ ដាក់៧០% អង្ករ១ដៃ ១០% ហើយស្វែងរកកាក់ ដាក់បញ្ឈរ ដែលមានរូបស្ដេច (ប្រទេសណាក៏បាន) បន្ទាប់មកដាក់ផេះពីលើ គឺមានធូបចំនួន ១៥ដើម ដូចបានជម្រាបជូនខាងលើ។ ជុំវិញកំប៉ុងជើងធូប ត្រូវដោតជើងធូបចំនួន ១២សរសៃ ស្រដៀងនឹងទ្រនិចនាឡិកា ឯជើងធូបទី ១៣, ១៤, និង១៥ ត្រូវដោតចំកណ្ដាល នៃរង្វង់មូលជើងធូបទាំង១២។ លេខ១២ ស្ថិតនៅជើងមេឃ តំណាងឲ្យឪពុក ឯលេខ៦ តំណាងឲ្យធរណី (ម្ដាយ)។

ពេលវេលាសែន៖ វេលានៃការសែនឲ្យត្រូវតាមក្បួនចិនមនុស្សកើតឆ្នាំជូត ឆ្លូវ រោង ម្សាញ់ វក រកា គឺក្រោយម៉ោង៧ និងម៉ោង១១ព្រឹក ។ មនុស្សដែលកើតឆ្នាំខាល ថោះ មមី មមែ ច និង កុរ គឺអាចសែនចាប់ពីម៉ោង ៣ទាបភ្លឺ ដល់ម៉ោង ៧ព្រឹក ឬមុនពេលរសៀល តែយកម៉ោងសេះ នាថ្ងៃទី២៦ ខែមករា ២០២២។ 

លោកកុកឡុងបានប្រាប់សារព័ត៌មានត្រយងនាថ្ងៃទី១៤ មករា ២០២២នេះថា អំឡុងពេលសែនដកជើងធូបគប្បីបើកភ្លើងដើម្បីទទួលបានពន្លឺភ្លឺស្វាងនៅក្នុងផ្ទះ ប៉ុន្ដែតោងប្រយ័ត្នអំពីអគ្គីភ័យផងដែរ។ ចំពោះការសែនវិញ ធ្វើឡើងទៅតាមលទ្ធភាព មិនមានអ្វីជាការកំណត់នោះឡើយ ប្រសិនបើមានលុយច្រើនសែនធំ បើមានលុយតិច សែនតូចតាច ល្មមតាមលទ្ធភាព ដែលយើងមាន។

ចំណាំ៖ ចំពោះជើងធូប ដែលបាន ដក ឬផេះក្នុងកំប៉ុង ដែលបានចាក់ចេញប្ដូរថ្មីនោះ គឺកុំចោលធុងសម្រាម ព្រោះជាទ្រព្យ ឆ្នាំចាស់ អាចយកទៅចោលក្នុងថូផ្កា មុខផ្ទះឲ្យក្លាយជាជីនោះទ្រព្យ នឹង កើនឡើង ទ្វេរដង។

បើតាមប្រវត្តិ នៃពិធីសែនដកជើងធូប លោក កុង ឡុង គ្រូហោចិន បានបញ្ជាក់ថា ពិធីដកជើងធូប គឺជាការជូនដំណើរទេព្តាចង្ក្រាន្តបាយឡើងឋានសួគ៌ ដើម្បីទូលព្រះឥន្ទអំពីជីវភាព នៃគ្រួសារនីមួយៗ។ ដូច្នេះការសែនដកជើងធូប គឺជាការយកចិត្ត (សូកប៉ាន់) ដល់ទេព្តាឆ្នាំចាស់ឲ្យទូលព្រះឥន្ទថា ផ្ទះនេះបានគោរពទេព្តាខ្លាំងណាស់ ម៉្លោះហើយទេព្តានឹងជូនពរឲ្យផ្ទះនេះរកស៊ីមានបាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.