មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ឆ្នាំ២០២២ រៀបចំ​ឡើងកាលពី​រាត្រី​ថ្ងៃ​ទី១៤ខែកមរានេះ នៅ​រោង​ភាពយន្ត ​Major Cineplex ស្ថិត​នៅ​ផ្សារ​ទំនើបអ៊ី​អន​សែនសុខ​រាជធានី​ភ្នំពេញ ។ មហាជនទាំងអស់អាចអញ្ជើញចូលរួមទស្សនាភាពយន្ដជប៉ុនល្អជាច្រើនរឿងដោយសេរី ដែលកាលវិភាគបញ្ចាំងសម្រាប់មហោស្រពទាំងមូលចាប់ពីថ្ងៃទី ១៤ ដល់១៦ និង ថ្ងៃទី២២ ដល់ទី២៣ ខែមករា ឆ្នាំ២០២២។

ដើម្បីទទួលបានសំបុត្រទស្សនាដោយឥតគិតថ្លៃ លោកអ្នកតម្រូវឱ្យមកមុនម៉ោងបញ្ចាំងដើម្បីទទួលយកសំបុត្រជាមុន។ សំបុត្រមួយសន្លឹក អាចចូលរួមបាន ១នាក់ ហើយសំបុត្រនឹងចែកជូននៅបញ្ជររបស់មហោស្រពរាល់ ៣០ នាទីមុនរឿងចាក់បញ្ចាំងប៉ុណ្ណោះ។ យ៉ាងណាមិញលោកអ្នកមកចូលទស្សនា ត្រូវចូលរួមអនុវត្តការទប់ស្កាត់ជំងឺកូវីដ១៩ ដោយរក្សាគម្លាត ពាក់ម៉ាស និងលាងសម្អាតដៃជាដើម។ ភាពយន្ដជាច្រើនរឿងដែលមានបញ្ចាំងរួមមាន៖ One Night , Not Quite Dead Yet, Josee, the Tiger and the Fish , Mio’s Cookbook, Stolen Identity, AI Amok, Café Funiculi Funicula និងភាពយន្ដល្អជាច្រើនរឿងទៀតដែលមិនគួរខកខាន។

នាថ្ងៃបើកសម្ពោធមហោស្រព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានសំដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ ស្ថានទូតជប៉ុនប្រចាំនៅ កម្ពុជា និងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ ដែលបានផ្តួចផ្តើមគំនិតរៀបចំ មហោស្រព ភាពយន្តជប៉ុន នៅក្នុង រាជធានីភ្នំពេញ។

ក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តរាតត្បាតនៅលើសកលលោកទាំង មូល រួមទាំងកម្ពុជាផង មហោស្រពភាពយន្តជប៉ុននាឆ្នាំនេះប្រព្រឹត្តទៅតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវ អនុវត្តយ៉ាងម៉ត់ចត់នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការនានាដែលមានជាធរមាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយ ជុំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈ វប្បធម៌៕

Telegram-Troryorng


Share.