ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ផ្ទុះ​ចេញ​ពាក្យ​ចចាមអារ៉ាម​ថា​តារា​សម្ដែង​ចិន​តៃវ៉ាន់​ Eddie Peng មាន​ស្នេហា​ជាមួយ​នឹង​តារា​ចម្រៀង​ Danson Tang មក​ដល់​ពេល​នេះ​លោក​​បាន​ប្ដឹង​ឈ្នះ​ក្ដី​ករណី​នេះ​ហើយ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ពីវែបសាយ​ dramapanda

«ក្លែងក្លាយ​។ អត់​ប្រយោជន៍​។ បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​» ​​នេះ​គឺជា​សំដី​ឆ្លើយ​ដោយ​កំហឹង​របស់​ Eddie ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​កំឡុង​ខែ​មករា​ឆ្នាំ​២០២១​។ ផលិតកម្ម​ដែល​គ្រប់គ្រង​លើ​តារា​រូប​នេះ​បាន​ចេញ​មក​គម្រាម​ប្ដឹង​ផ្ដល់​ចំពោះ​អ្នក​ដែល​ចែក​រំលែក​ឬ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​នេះ​។ ចំណែក​ឯ​តារា​ចម្រៀង​ដែល​ជាប់​​ឈ្មោះ​ជា​​គូស្នេហ៍​របស់​លោក​ Dason ក៏​មាន​ខាង​ផលិត​កម្ម​ចេញ​មក​ច្រាន​ចោល​ ព្រម​ទាំង​អះអាង​ថា​នោះ​គឺ​ជា​ដំណឹង​ក្លែងក្លាយ​។

ក្រោយ​តស៊ូ​ក្ដី​ជិត​មួយ​ឆ្នាំ​ទីបំផុត​មេធាវី​តំណាង​ឱ្យ​ Eddie បាន​ចេញ​មក​ចែក​រំលែក​ដោយ​អរគុណ​ចំពោះ​ភាព​យុត្តិធម៌​នៃ​ប្រព័ន្ធ​តុលាការ​ដោយ​ក្នុង​នោះ​ផលិតកម្ម​​របស់​ Eddie បាន​ចេញ​មក​បង្ហោះ​លិខិត​សុំទោស​ពី​​ស្ថាប័ន​មួយ​ដែល​បាន​បង្ហោះ​ដំណឹង​មិន​ពិត​បង្ក​ឱ្យ​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ផ្ទុះ​ពេញ​លើ​បណ្ដាញ​សង្គម​អនឡាញ​ ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​របស់​តារា​សម្ដែង​រូប​នេះ​។

ករណី​នេះ​បាន​ក្លាយ​ជា​ឧទាហរណ៍​មួយ​យ៉ាង​ល្អ​ ចំពោះ​អ្នក​ដែល​ចង់​ធ្វើ​ទីផ្សារ​ហើយ​ប្រើប្រាស់​អណ្ដាត​មិន​បាន​ត្រឹម​ត្រូវ​ អ្នក​អាច​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ទង្វើ​មិន​បាន​គិត​ពិចារណា​ឱ្យ​ត្រឹមត្រូវ​របស់​អ្នក​ ហេតុនេះ​មុន​នឹង​និយាយអ្វី​ឬ​ផុស​អ្វី​ ចាំ​បាច់​គួរ​ពិចារណា​ឱ្យ​ល្អិតល្អន់​។

Telegram-Troryorng
Share.