ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានជនសង្ស័យធ្វើ សកម្មភាពឆក់ទាញយកកាបូបលុយ ដួលរងរបួសធ្ងន់ធ្ងរ បោកនឹងថ្នល់ ផុងលលាដ៍ សង្ឃឹមតិចតួច។ក្រោយធ្វើសកម្មភាព ជនសង្ស័យគេចទៅបាត់ដោយសុវត្តិភាព ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ  រាជធានី ភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះវ័យជាង៣០ឆ្នាំ ស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ បោកផុងលលាដ៍ សន្លប់ឈឹង សង្ឃឹមតិចតួច  អស់ទាំងទ្រព្យសម្បត្តិ ក្នុងកាបូប ។ ស្ត្រីរងគ្រោះមានឈ្មោះ ពុំ រ៉ាវី មានទីលំនៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាវ៉េវ អាល់ហ្វា ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត។ លុះទៅដល់ខាងកើត ច្រកចូលព្រលានយន្តហោះពោធិ៍ចិនតុង មានជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំ ស្លាកលេខ ធ្វើសកម្មភាពឆក់ទាញយកកាបូប បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ភ្លាមៗ ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មានបញ្ហាអសន្តិសុខ ដូចជា  បទល្មើស ចោរឆក់ សឹងរាល់ថ្ងៃទៅហើយ។ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រុមចោរឆក់អត់ធ្វើសកម្មភាពនៅក្នុងខណ្ឌនេះតែ៣ថ្ងៃទេ គឺថ្ងៃទី១២-១៣-១៤ ក្រៅពីនោះ ជនរងគ្រោះហូរហែ អស់លុយសរុបរាប់ម៉ឺនដុល្លារនិង រាប់លានរៀល។ នេះបើយោងតាមតួលេខបណ្តឹងរបស់ពលរដ្ឋទៅកាន់សមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.