ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ក្នុងផ្ទះម្នាក់ឯង បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីជនរងគ្រោះកើតមានជម្លោះក្នុងវង់ផឹកស៊ី នៅដីវាល ក្នុងភូមិ ។

ជនរងគ្រោះឈ្មោះ កយ សៀម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ជាបុរស ពោះម៉ាយ អត់មានកូន លែងលះជាមួយប្រពន្ធអស់រយៈពេលជិត១០ឆ្នាំហើយ រស់នៅផ្ទះតែម្នាក់ឯងក្នុងភូមិកើតហេតុ ។

ចំណែកជនជនសង្ស័យមាន ឈ្មោះ ហ៊ុល ស៊ុនហុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិជាមួយគ្នា ។

តាមការបំភ្លឺពីក្មួយប្រុសរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះនិងជនដៃដល់ រួមជាមួយអ្នកភូមិ សរុប៧ទៅ៨នាក់ នាំគ្នាទៅផឹកស៊ី នៅដីវាលក្នុងភូមិ១កន្លែង។ លុះដល់យប់ជ្រៅបន្តិច នាំគ្នាចែកផ្លូវ ទៅផ្ទះ រៀងខ្លួន សល់គ្នាតែ៣នាក់ ផឹកបន្ត ទាស់ពាក្យសម្តីគ្នា។ពេលនោះ ជនសង្ស័យ ប្រដាប់ ដោយ ឈើជ្រុងបានវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ហើយត្រូវបានក្មួយប្រុសគ្រានាំទៅផ្ទះ លុះដល់ព្រឹកឡើងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សាច់ញាតិទៅដាស់ហៅ ជនរងគ្រោះក្នុង គោលបំណងទៅបុណ្យ បែរជាប្រទះឃើញដេកស្លាប់ទៅវិញ ។

ក្រោយពីប្រទះឃើញជនរងគ្រោះដេកស្លាប់ ក្រុមគ្រួសារសាច់ញាតិក៏បានរាយការណ៍ ទៅសមត្ថកិច្ច ចុះទៅពិនិត្យសាកសួរ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នាំទៅផ្នែក ជំនាញខណ្ឌ ។

បើតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន រីឯជន ដៃដល់ក៏ប្រើប្រាស់គ្រឿង ញៀនដូចគ្នា សង្ស័យផឹកស៊ី ដណ្តើមគ្រឿងញៀនគ្នាជក់ ទើប ឈានដល់ប្រើហឹង្សាវាយបណ្តាលឲ្យស្លាប់បែបនេះ ។

ប្រភពពីសមត្ថកិច្ចដែលចុះទៅពិនិត្យដល់ទីតាំងកើតហេតុ បានឲ្យដឹងថា នៅទីនោះ មានឃើញ សុទ្ធតែសំណល់គ្រឿងញៀន ដបសម្រាប់ជក់។

ក្រោយពីសមត្ថកិច្ចកោសល្យវិច័យរួច ក៏ប្រគល់សពជូនសាច់ញាតិរៀបចំធ្វើបុណ្យតាម ប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.