ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធខ្លី បានបាញ់គំរាមដណ្តើមយកកាបូបលុយ ពីជនជាតិចិន ២នាក់ប្តីប្រពន្ធកំពុងបើកទ្វាររថយន្តចុះ ហើយនាំគ្នារត់ចោលម៉ូតូឡើងជិះ រថយន្តគេចខ្លួនបាត់អស់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅមុខខុនដូ មួយកន្លែង ទល់មុខស្ថានទូតម៉ាឡេស៊ី តាមផ្លូវលេខ៤១ កែងផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង៩និង៣០នាទីយប់ គេឃើញមាន បុរស ជនជាតិចិនម្នាក់ (ជនសង្ស័យ) ដើរចូលទៅអង្គុយលេងនៅក្នុងខុនដូ លុះដល់វេលាម៉ោង ១០យប់ ជនរងគ្រោះជាជនជាតិចិន ២នាក់ប្តីប្រពន្ធ ជិះរថយន្តម៉ាកPORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-8868 ទៅឈប់ខាងមុខខុនដូ។ គ្រាន់តែបើកទ្វារចុះ ស្រាប់តែ ជនសង្ស័យម្នាក់នោះស្ទុះទៅដោយយកកំប៉ុងស្ព្រៃបាញ់លើមុខជនរងគ្រោះ ដណ្តើម យក កាបូបលុយ ត្រូវបានជនរងគ្រោះដណ្តើមប្រតាយប្រតប់យកវិញ។ពេលនោះ ស្រាប់តែលេច មុខជនសង្ស័យជាជនជាតិចិន២នាក់ផ្សេងទៀតរត់ចូល ដកកាំភ្លើងវាយលើជនរងគ្រោះ ហើយ បាញ់មួយគ្រាប់ឡើងលើតែមិនផ្ទុះ បាញ់លើកទី២ ទើបផ្ទុះ ដណ្តើមយកកាបូបលុយ រួចនាំ គ្នារត់ឡើងជិះរថយន្តTUNTRA ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ បើករត់គេចទៅបាត់ ដោយជនសង្ស័យបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែក ពណ៌ស ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-7720 ដបស្ព្រៃចំនួន១ និងគ្រាប់កាំភ្លើងបាញ់ហើយមិនផ្ទុះ១គ្រាប់ ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលមូលដ្ឋានចុះទៅពិនិត្យ សាកសួរនៅកន្លែងកើតហេតុ និងប្រមូលវត្ថុតាងបន្សល់ទុក យកទៅរក្សាទុកបន្តស្រាវជ្រាវ ។ ចំណែកឯជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានទៅពេទ្យបាត់ ៕

Share.