ព្រះសីហនុ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិន បើកលឿនបត់ផ្លូវកែង យកចង្កូតមិនទាន់ជ្រុលហោះឡើងខឿន ទៅបុកម៉ូតូដែលចតស្ងៀម បណ្តាលឲ្យរងរបួសស្រាល២នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង រថយន្តខ្ទេចមុខ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឆ្នេរឯករាជ្យ ជិតស្ពានបឹងទឹកសាប ផ្លូវសណ្ឋាគារ៧ជាន់ ស្ថិតនៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តប្រភេទស្ព័រមួយគ្រឿងស៊េរីទំនើប ម៉ាក Ferrari ពាក់ស្លាក លេខ ភ្នំពេញ 2BK-5555 បើកបរដោយជនជាតិចិន រួមដំណើរជាមួយ ជនជាតិចិនដូចគ្នា បើកបរក្នុងល្បឿន លឿនបត់ផ្លូវកែងផ្លូវភ្នំស្វា ជ្រុលចង្កូតឡើងខឿនទៅបុកម៉ូតូដែលចតចោលនិងមនុស្សចំនួន២នាក់ បណ្ដាលឲ្យរងរបួសស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្តរងការ ខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

Share.