ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ឃើញទុស្សេខ្សែភ្លើងរត់ទៅចាប់ទាញខ្សែដកបែជាឆក់ដួល ប្អូនប្រុសបង្កើតរបស់ខ្លួនបានរត់ទៅជួយ។ពេលនោះឆក់ទាំង២នាក់ បណ្តាលឲ្យស្លាប់បង រីឯប្អូនរងរបួសធ្ងន់។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅការដ្ឋានសំណង់វិឡាមួយកន្លែង កំពុងសាងសង់ តាមផ្លូវបេតុងព្រៃស ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ ឃីម ឃី ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កម្មករ សំណង់ ចំណែកប្អូនប្រុសបង្កើត ឆក់រងរបួសធ្ងន់ ឈ្មោះ ឃីម អេន ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងវែង ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពពីក្រុមជាងសំណង់ដូចគ្នា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះកំពុងលាយ កំបោរ នៅជាន់ទី១ ស្រាប់តែខ្សែភ្លើងតសម្រាប់ប្រើម៉ូទ័រយោងឥដ្ឋ ខ្សាច់ បានទុស្សេ ហុយផ្សែង ឃើញបែបនោះជនរងគ្រោះជាបងបានចាប់ទាញខ្សែចេញ បែរជាឆ្លងឆក់ដួល ហើយត្រូវបានជនរងគ្រោះជាប្អូនរត់ទៅជួយ ក៏ត្រូវបានឆក់បន្តទៀតទាំង២នាក់បងប្អូន ធ្វើឲ្យកម្មករផ្សេងទៀតឆោឡោ រត់ទៅបិទផ្តាច់ចរន្តភ្លើង លើជនរងគ្រោះកប់ដីខ្សាច់ តែជា អកុសលជនរងគ្រោះជាបងបានស្លាប់ រីឯប្អូនរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះម្នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសព ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.