ភ្នំពេញ ៖ អ្នកបើកបររថយន្តកុងតឺន័រមួយគ្រឿងស្រវឹងស្រា បើកលឿនរេចង្កូតជ្រុលទៅបុក ទ្រូងផ្លូវ ប៉ើងខ្ទាត៣កង់ ធ្លាយទៅបំណែកផ្លូវម្ខាងទៀត ទើបឈប់ស្ងៀម នៅកាត់ទទឹងផ្លូវ បង្ក ឲ្យកកស្ទះចរាចរ កាលពីវេលាម៉ោង៤ និង ៥០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមុខ ផ្សារចោមចៅ ខាងត្បូងជាប់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកSCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8897 អ្នកបើកបរគេចខ្លួន បាត់មុនសមត្ថកិច្ចចុះទៅដល់ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកចេញពីផ្លូវក្រោមដី នៃស្ពានអាកាសចោមចៅ ឡើងផ្លូវចោមចៅ ដល់ខាងមុខផ្សារ ស្រាប់តែរេចង្កូតទៅឆ្វេង បុកទ្រូងផ្លូវប៉ើងខ្ទាត៣កង់ ធ្លាយទៅបំណែកផ្លូវម្ខាងទៀត ទល់នឹងទ្វារផ្ទះប្រជាពលរដ្ឋ ទើបឈប់ស្ងៀម អ្នកបើកបរចុះមក ក្នុងសភាពស្រវឹង បានដើរគេចទៅបាត់ ទុកតែ រថយន្ត នៅកាត់ទទឹងផ្លូវបង្កឲ្យកកស្ទះចរាចរ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ ខណ្ឌ ចុះទៅអន្តរាគមន៍ រួមជាមួយ កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានី សម្រួលចរាចរ ហើយ ពិនិត្យផលប៉ះពាល់ជាក់ស្តែង រួចប្រគល់រថយន្តបង្កទៅការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ ៖តាតុងពោធិ៍សែនជ័យ

Share.