លោក សៀន សិទ្ធ​គន្ធ ត្រូវបាន​មហាជន​ស្គាល់​ថា ជា​អ្នកជំនាញ​ថតរូប​ប្រចាំ​ហាង Foto City ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​ឆ្នាំ​មកហើយ។ បើតាម​ដឹង ​អ្នកជំនាញ​រូប​សង្ហា​នេះបានបញ្ចប់​ការសិក្សា​ជំនាញ​ទាំង​ផ្នែក​ថតរូប និង​ភាពយន្ដ​ពី​ប្រទេស​ថៃ។ លោក​បាន​សាង​ភាព​ទាក់ទាញ​ឱ្យ​តារា​សិល្បៈ​ជាច្រើន​ដួង​តាមរយៈ​រូបភាព​ដែល​បាន​បញ្ចេញ​ផ្សាយ​ទាំង​នៅលើ ទស្សនាវដ្ដី និង​នៅលើ​បណ្ដាញ​សង្គម។

ក្រោយពី​បាន​ជោគជ័យ​លើ​អាជីព​ថត​ជាច្រើន​ឆ្នាំ លោក សៀន សិទ្ធិ​គន្ធ បាន​ងាក​មក​បង្កើត​ស្នាដៃ​ថត​ភាពយន្ដ​វិញ​ម្ដង ដែល​ការសម្រេចចិត្ត​របស់លោក​លើក​នេះ ត្រូវបាន​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង។ ភាពយន្ដ​ដែល​លោក​កំពុងដំណើរការ​ថត​នេះ មាន​ចំណងជើង​ថា «ព្រះ​ច័ន្ទ​ញញឹម» ដែលជា​ប្រភេទ​រឿង BL ស្នេហា​ប្រុស​នឹង​ប្រុស។ រឿងនេះ​មានការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ជាច្រើន​ដួង​ដូចជា លោក ជា លាង​ឈែ លោក ឌី វណ្ណ​ថៃ លោក ទេព រិ​ន​ដា​រ៉ូ កញ្ញា ញឹម ចាន់ថន និង​តារា​កិត្តិយស​ជាច្រើនរូប​ទៀត។

បើតាម​ការរៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង លោក សៀន សិទ្ធិ​គន្ធ បាន​និយាយថា « បើ​និយាយ​ពី​ភាពយន្ដ គឺ​ខ្ញុំ​មានចិត្ត​ស្រឡាញ់​តាំងពី​តូច​មក​ម៉្លេះ។ ដោយសារ​ម្ដាយ​ខ្ញុំ​ជា​អ្នកនិពន្ធ​រឿង​បោះ​ពុ​ម្ភ​ផ្សាយ​ជា​សៀវភៅ​លក់ ទើប​ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​ចូលចិត្ត​លើ​វិស័យ​មួយ​នេះ​ផងដែរ។ ពី​តូ​ចមក​ខ្ញុំ​បាន​ចិញ្ចឹមចិត្ត​ស្រឡាញ់​វិស័យ​ភាពយន្ដ តាមរយៈ​ការ​ទស្សនា​ភាពយន្ដ​ឥណ្ឌា នឹង​ធ្លាប់​រំពឹងទុក​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​ផលិត​ភាពយន្ដ​មួយ​ដែលជា​ស្នាដៃ​របស់ខ្លួនផ្ទាល់»។ លោក​បន្ដថា កាលពីមុន​ឡើយ​លោក​បាន​ធ្វើជា​វីដេអូ​ឃ្លី​បខ្លីៗបង្ហោះ​នៅលើ​បណ្ដាញ​សង្គម ហើយ​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ច្រើន​ដូចជា វីដេអូ Miss Foto City ដែល​សម្ដែង​ដោយ​កញ្ញា រ៉ូ​លីន រហូត​ធ្វើឱ្យ​កញ្ញា​ជាប់​ឈ្មោះថា Rolin Miss PhotoCity

លោក សៀន សិទ្ធិ​គន្ធ បាន​រៀបរាប់​បន្តទៀតថា រឿង «ព្រះ​ច័ន្ទ​ញញឹម» ត្រូវបាន​នាំ​អារម្មណ៍​អ្នកទស្សនា​វិល​ទៅកាន់​អតីតកាល​នៅពេល​រៀន​នៅ​វិទ្យាល័យ ដែល​លោក​បាន​លើកយក​បញ្ហា​គ្រួសារ​មួយ ដែលមាន​កូនប្រុស​មាន​ចិត្តជា​មនុស្ស​ស្រី ចូលចិត្ត​រាំ និង​ស្រឡាញ់​របស់​គ្រប់យ៉ាង​ដែល​ដូច​មនុស្ស​ស្រី​ទូទៅ​ចង់បាន។ ក្មេងប្រុស​រូបនោះ រង​ការ​បង្អាប់​ពី​មិត្ត​ភ័​ក្ដ​នៅក្នុង​សាលា​ថា​ជា ខ្ទើយ និង​មានចិត្ត​ស្រឡាញ់​មិត្ត​ខ្លួនឯង​ជាម​នុស្ស​ប្រុស​ផងដែរ។ លោក សិទ្ធិ​គន្ធ ថា «រឿងនេះ​បានផ្ដល់​តម្លៃ​អប់រំ​ឱ្យ​មហាជន​បានដឹង​ដូចជា ទី១គឺ ឪពុកម្ដាយ​ភាគច្រើន​មិន​ចូលចិត្ត​កូនប្រុស​ដែលមាន​ចរិត​ទន់ភ្លន់​ញិ​ក​ញ៉​ក់​ទេ គឺ​តែងតែ​ចង់ឱ្យ​កូនប្រុស​មាន​ចរិត​រឹងមាំ សមជា​មេ​គ្រួសារ។ តែ​នៅ​ទីបំផុត កូន​គឺ​នៅតែ​ជា​កូន​ដ​ដែរ ទោះបីជា​យ៉ាងណា​ក៏​ឪពុកម្ដាយ​មិន​កែ​ធម្មជាតិ​របស់គាត់​បាន​ដែរ។ ទី២ ការ​ប្រ​ពិ​ត្តិ​អំពើ​ល្អ​ដែល​មិន​សាបសូន្យ។ បើទោះបីជា​ត្រូវ​មិត្ត​ភ័​ក្ដ​បង្អាប់ មើលងាយ​ដោយ​សម្ដីអាក្រក់ៗក៏ដោយ តែ​ការមិន​តបត និង​ប្រឹងប្រែង​ធ្វើ​អំពី​ល្អ​ទៅកាន់​ពួកគេ​វិញ​នោះ ថ្ងៃ​ណាមួយ​អំពើ​ល្អ​នឹង​តបស្នង​យើង​វិញ។ ចំពោះ​តម្លៃ​អប់រំ​ទី៣នោះ​គឺ សេចក្ដីស្នេហា​ដែល​យើង​រំពឹងទុក​ថា​នឹង​ទទួលជោគជ័យ។ តែ​ការពិតទៅ យើង​កុំ​រំពឹង​ខ្ពស់​ពេក សូម្បីតែ១នាទី​ដែល​យើង​ធ្វេសប្រហែស ក៏​អាច​បរាជ័យ​វិញ​បានដែរ»។

យ៉ាងណាមិញ អ្នកដឹកនាំ​រឿង​រូបនេះ​ក៏បាន​អះអាងថា ទោះបីជា​រឿងនេះ​បញ្ចេញ​ទៅ​ទទួលបាន​ការគាំទ្រ​នៅ​កម្រិត​ណាក៏ដោយ ក៏​លោក​នៅតែ​បន្ត​ទឹកចិត្ត​ផលិត​ភាពយន្ដ​ស្នាដៃក្រោយៗទៀតផង​ដែរ។ លោក​មាន​ជំនឿ​ចិត្ត​ថា ការ​សាង​ភាពយន្ដ​ដោយ​ចិត្ត​ស្រឡាញ់ គឺ​យើង​មិន​រំពឹង​ពី​ផល​តបស្នង​ប៉ុន្មាន​ទេ តែ​យើង​ចង់បង្ហាញ​ប្រាប់​មហាជន​ថា យើង​អាច​ធ្វើបាន​ទៅវិញ​ទេ។

លោក សៀន សិទ្ធិ​គន្ធ បាន​បង្ហើប​ទៀតថា ក​ម្រោ​ងក្រោយៗទៀត​របស់លោក គឺ​បាន​ផ្ដោត​ទៅ​ភាពយន្ដ​ស៊ី​អារម្មណ៍ រឿងខ្មោចនិង​កំ​ប្លុង​កំប្លែង​វិញ​ម្ដង បន្ទាប់ពី​បញ្ចប់​ប្រភេទ​រឿង​ស្នេហា​ខាងលើនេះ៕

Telegram-Troryorng
Share.