ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនតូចម្នាក់ទៀតចេញពីផ្សារអីអន១ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅម្ដុំរង្វង់មូលគួរស្រូវខណៈជិះមកដល់ត្រង់ចំណុចផ្លូវបេតុងចូលប៉ុស្តិ៍វិទ្យុមួយកន្លែងក៏លេចមុខជនសង្ស័យ២នាក់ធ្វើសកម្មភាពវាយគម្រាមយកម៉ូតូត្រូវបានជនរងគ្រោះវាយតដៃវិញផ្ដួលជនសង្ស័យឲ្យសន្លប់ម្នាក់ប្រគល់ឱ្យសមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ុត សារុំ អាយុ២៩ឆ្នាំ មុខរបរក្រុមហ៊ុន ស្នាក់នៅម្ដុំរង្វង់មូលគួស្រូវ ជិះម៉ូតូម៉ាក ឃ្លិច។ ឯជនសង្ស័យមានឈ្មោះ មិត្ត ដេត អាយុ២៤ឆ្នាំ មុខរបរកម្មករភោជនីយដ្ឋានទន្លេបាសាក់។

តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១០យប់ថ្ងៃខែដដែល រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក CLICK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE-6661 ចេញពីផ្សារអ៊ីអនដឹកប្រពន្ធ និងកូនតូចម្នាក់ទៀតធ្វើដំណើរទៅផ្ទះនៅម្ដុំរង្វង់មូលគួរស្រូវខណៈជិះមកដល់ត្រង់ចំណុចផ្លូវបេតុងច្រកចូលប៉ុស្តិ៍វិទ្យុABC ក៏លេចមុខជនសង្ស័យ២ នាក់ដើរចេញមកធ្វើសកម្មភាពកាក់ និងវាយដណ្ដើមយកម៉ូតូត្រូវបានគាត់វាយតបតគ្នាជិត១០នាទីបណ្ដាលឱ្យជនសង្ស័យម្នាក់សន្លប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជើងឯកល្បាតក្នុងមូលដ្ឋានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចនាំយកមកប៉ុស្ដិ៍នគរបាលដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចំណែកបក្ខពួកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ជនរងគ្រោះ៖

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.