អ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់ជាសិល្បការិនីដែលធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដោយផ្ទាល់លើមូលដ្ឋានគ្រឹះសិល្បៈរបាំបុរាណខ្មែរ តែក្រោយមកអ្នកនាងក៏បានក្លាយខ្លួនជាតារាចម្រៀងល្បីឈ្មោះដល់សព្វថ្ងៃ។ យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចូលរួមបង្ហាញការដឹងគុណ និង ក្តីស្រឡាញ់របស់ខ្លួនទៅកាន់លោកគ្រូអ្នកគ្រូ ជាឪពុកម្ដាយទី២ និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឱ្យមហាជនដឹងថា អ្នកនាងបានក្រាបសំពះព្រឹទ្ធាចារ្យ ព្រឿង ឈាង និងធ្វើពិធីស្រង់ទឹកផងដែរ។ អ្នកនាងបង្ហោះថា «ក្នុងនាមកូនជាសិល្បៈការិនីមួយរូបនិងជាអតីតនាថការីរបាំ កូនពិតជារំភើបសម្រាប់ថ្ងៃនេះដែលកូនបានមានឱកាសក្រាបសំពះស្រង់ទឹកជូនលោកគ្រូដែលជាឳពុកម្តាយទី២ ជាការគោរពដឹងគុណបំផុតនូវការលះបង់ស្ទើរពេញមួយជីវិតដើម្បីសិល្បៈវប្បធម៌ជាតិ និងជាពិសេសបង្ហាត់បង្រៀន ផ្ទេរចំណេះជំនាញដល់សិស្សៗគ្រប់រូបឥតហត់នឿយទោះលោកមានព្រះជន្មច្រើនហើយក៏ដោយ។ ថ្ងៃនេះកូនពិតជារំភើបដែលបានរួមចំណែកក្នុងកម្មវិធីចម្រើនព្រះជន្មលោកគ្រូក៏ដូចជាការគោរពដឹងគុណគ្រូដ៏មានអត្ថន័យបំផុត កូនសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាលោកគ្រូអ្នកគ្រូជាវីរសិល្បករជា”មរតកមនុស្សរស់” សូមលោកមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ជាម្លប់នៃកូនៗជាសិល្បករបន្តវេណនិងក្នុងបុព្វហេតុរក្សាវប្បធម៌នៃដួងព្រលឹងជាតិខ្មែរ»។

អ្នកនាងបានបន្តទៀតថា «ឆ្លៀតក្នុងឱកាសនេះកូនសូមគោរពអរគុណ និងគោរពដឹងគុណអ្នកគ្រូឃួន អ្នកគ្រូមុំ និងលោកគ្រូអ្នកគ្រូទាំងអស់ដែលលោកបានបង្ហាត់បង្រៀនខ្ញុំ ដែលលោកទាំងអស់ ជាប្រទីបបំភ្លឺផ្លូវជាការផ្តល់មូលដ្ឋានគ្រឹះ និងជាចំណែកដ៏ធំដែលធ្វើអោយកូនមានថ្ងៃនេះ ។ កូននឹងចងចាំនូវរាល់បណ្តាំលោកគ្រូអ្នកគ្រូ រួមថែរក្សាសិល្បៈ វប្បធម៌ ក្នុងទម្រង់ជាខ្មែរ ” បុរាណមិនយឺត សម័យមិនបរទេស” ដោយក្តីគោរពដឹងគុណពីកូន🙏🙏🙏 ១៥.០១.២០២២»។

ក្រោយការបង្ហោះនោះ គេឃើញអ្នកគាំទ្របានលាន់មាត់សរសើរតារាចម្រៀងស្រីនេះពេញៗមាត់ ថាពិតជាសិស្សកតញ្ញូ និងស័ក្ដសមទៅនឹងតំណែងតារាចម្រៀងលំដាប់ជួរមុខពិតមែន ដែលបានលើកស្ទួយការដឹងគុណចំពោះគ្រូរបាំ ខណៈដែលម្តាយរបស់តារាចម្រៀងរូបនេះត្រូវបានគេស្គាល់ថាជាគ្រូសិល្បៈផ្នែកបុរាណ បច្ចុប្បន្នគាត់គឺជាមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕

Telegram-Troryorng
Share.