បាត់ដំបង៖ តំបន់ទេសចរណ៍ វាលចម្បាំងខេមសាយ ស្រុកសំឡូត កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវក្នុង និងក្រៅស្រុកចូលលេងកម្សាន្ត ក្រោយមន្ទីរជំនាញបញ្ចូលក្នុងបញ្ជីជាផ្លូវការ ។

ម្ចាស់ទីតាំងលោកស្រី ស៊ុង មុីហុយ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២នេះថា តំបន់ទេសចរណ៍ វាលចម្បាំងខេមសាយ មានទីតាំងឋិតនៅចម្ងាយពីទីប្រជុំក្រុងបាត់ដំបងប្រមាណជា ៩៦គីឡូម៉ែត្រ នៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង លោកស្រីក៏មិននឹកស្មានថា គោលដៅនេះ អាចក្លាយជាតំបន់ដ៏ទាក់ ទាញបែបនេះសោះ។

ដោយសារតែការស្រឡាញ់ធម្មជាតិ លោកស្រីក៏សម្រេចកែច្នៃបង្កើតជាទីកន្លែងកម្សាន្តខ្នាតតូចមួយ នៅលើផ្ទៃដីចំនួន ១៧ហិកតាដែលគាត់បានទិញពីអ្នកភូមិបន្តិចម្តងៗ។ ការរៀបចំកែច្នៃនេះបានធ្វើឲ្យអាជ្ញាធរមូលដ្ឋាន រហូតដល់មន្ត្រីជំនាញគាំទ្រ និងជួយសម្របសម្រួលផ្តួចផ្តើម ឡើងប្រយោជន៍ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុកសំឡូតឲ្យមានភាពល្អប្រសើរ និងជាផ្នែកមួយលើកមុខមាត់ខេត្តបាត់ដំបងឲ្យកាន់តែល្បីសុះសាយថែមទៀត។

លោកស្រីបន្ថែមថា បច្ចុប្បន្នគោលដៅទេសចរណ៍ដែលគ្រប់គ្រងរបស់លោកស្រីបានទទួលភ្ញៀវទេសចរណ៍ ពិសេ សភ្ញៀវជាតិដែលចូលមកលេងលំហែរកាយនៅរៀងរាល់ចុងសប្តាហ៍ជាហូរហែបន្តបន្ទាប់ឥតដាច់ ដែលភ្ញៀវខ្លះបានសម្រាកយប់ដោយបោះតង់ដើម្បីផ្លាស់ប្តូរជីវិតតាមបែបធម្មជាតិ និងភ្ញៀវបានគយគន់ជ្រលងដងអូរ ជួរភ្នំ ស្តាប់សំ ឡេងបក្សីស្រែកយំអឺងកង ជាមួយគ្នាភ្ញៀវក៏អាចជិះម៉ូតូ និងឡានទេសចរណ៍កម្សាន្តព្រៃផងដែរ។

លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ដែរថា គោល ដៅទេសចរណ៍ វាលចម្បាំងខេមសាយ ត្រូវមន្ទីរទេសចរណ៍ខេត្តបញ្ចូលក្នុងបញ្ជីជាផ្លូវការជារមណីយដ្ឋានប្រភេទកីឡាទេសចរណ៍ សម្រាប់ទទួលភ្ញៀវក្នុង និងក្រៅប្រទេសឲ្យចូលទស្សនា។ តំបន់ព្រៃភ្នំខាងលើបច្ចុប្បន្នកំពុងស្ថិតក្នុងក្រសែរភ្នែករបស់អ្នកទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានទាញការចាប់អារម្មណ៍របស់ភ្ញៀវឲ្យទស្សនាលេងជាច្រើននាក់៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.