យោង​តាម​ការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថាក្លិបចំនួន២ មកពីប្រទេសមីយ៉ាន់ម៉ា គឺ Hantharwady United FC និង Shan United FC បានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់កម្រិតទ្វីបទាំង២ AFC Champions League និង AFC Cup 2022។

សម្រាប់ការចាប់ឆ្នោតនៅ​ទីស្នាក់ការ​ក្នុង​ទីក្រុង​កូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មករា ឆ្នាំ​២០២២ គឺក្លិប Hantharwady United FC ស្ថិតក្នុងពូល I នៃពានរង្វាន់ AFC Cup 2022 ខណៈដែល Shan United FC នឹងត្រូវចូលរួមក្នុងវគ្គ​ជម្រុះបឋម AFC Champions League 2022។

ដូច្នេះក្លិបបាល់ទាត់ វិសាខា និង Young Elephants FC របស់ប្រទេសឡាវ អាចនឹងឡើងដោយស្វ័យប្រវត្តិទៅបំពេញកៅអីចំនួន២ដែលនៅសល់។ ដោយវិសាខា​ អាចនឹងចូលពូល G ជាមួយ Bali United, Kaya FC និង Kedah Darul FC ខណ: Young Elephants អាចនឹងចូលពូល I ជាមួយភ្នំពេញក្រោន, Viettel និង Hougang United។

មូលហេតុដោយសារតែច្បាប់របស់ AFC Cup និង​ AFC Champions League មិនអនុញ្ញាតឲ្យក្លិបដែលមកពីប្រទេសដូចគ្នា ស្ថិតនៅក្នុងពូលតែមួយឡើយ (ឧ. វិសាខា និងភ្នំពេញក្រោន មិនអាចស្ថិតក្នុងពូលតែមួយ ដោយសារតែមកពីប្រទេសកម្ពុជាដូចគ្នា)៕

Hantharwady United FC
Shan United FC
Telegram-Troryorng
Share.