វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិននោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះហើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃនេះថា វ៉ាក់សាំង១លាន៥សែនដូសបន្ថែមនឹងត្រូវដឹកមកដល់កម្ពុជា ផងដែរនៅពេឆាប់ៗខាងមុខនេះ។ក្នុងនោះនៅថ្ងៃទី១៦ខែឧសភាចំនួន៥សែនដូសនិងនៅថ្ងៃ ទី២៣ខែឧសភាចំនួន១លានដូស។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន។

ការមកដល់នៃវ៉ាក់សាំងបន្ថែមទៀតនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានអះអាងកាលពីពេលថ្មីៗនេះថា រាជធានីភ្នំពេញនិងខេត្តកណ្តាលនឹងត្រូវស្រោចស្រពដោយវ៉ាក់សាំងកូវីដ១៩ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បាននិងកំពុងប្រព្រឹត្តិទៅដោយរលូន៕

Share.