​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League រដូវកាល​ឆ្នាំ​២០២០-២០២១ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) សម្រេច​តាំង​ពី​ដើម​មក​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​​កីឡដ្ឋាន Atatürk Olympic Stadium ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី ខណៈ​​បេក្ខភាព​ទាំង​២​ក្រុម​ចុងក្រោយ​សុទ្ធ​តែ​ធ្វើ​ដំណើរ​ទៅ​ពី​ប្រទេស​អង់គ្លេស មាន​ក្រុម​​ Chelsea និង Manchester City។

ដោយ​ឡែក​​មួយ​រយៈ​ចុង​ក្រោយ​នេះ​​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស​ ក៏​ដូចជា​ក្រុម Chelsea និង Manchester City សុទ្ធ​តែ​មាន​ចេតនា​ស្នើសុំ​ទៅ UEFA ប្តូរ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​​វេលា​ម៉ោង​២យប់ ​ថ្ងៃ​ទី២៩ ខែ​ឧសភា នេះ​ទៅ​ធ្វើ​នៅ​កីឡដ្ឋាន​ជាតិ​ Wembley Stadium ក្នុង​ទីក្រុង​ឡុងដុង វិញ។ យ៉ាងណាក្តី​មិន​ទាន់​មាន​ចម្លើយ​ផ្លូវការ​ណាមួយ​ពី UEFA ចំពោះ​ចម្លើយ​នេះ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ពាន Champions League អាយុ​៦៦​ឆ្នាំ​ហើយ នេះ​ជា​លើក​ទី៣ ដែល​ក្រុម​អង់គ្លេស​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ

​មូលហេតុ​ដែល​មាន​ការ​ស្នើសុំ​ប្តូរ​ទីលាន​ប្រកួត​នេះ ដោយ​សារ​តែ​ប្រទេស​ទួរគី ស្ថិត​ក្នុង​សភាព​បិទ​ខ្ទប់​ (Lockdown) ​ពី​​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​១៧ ខែ​ឧសភា ឆ្នាំ​២០២១ បន្ទាប់​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ពោល​គឺ​ការ​បិទ​ខ្ទប់​នេះ​មាន​រយៈពេល​១២​ថ្ងៃ​​មុន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ដល់។ ទួរគី ជា​ប្រទេស​​ដែល​ចក្រភព​អង់គ្លេស សម្រេច​ដាក់​ក្នុង​បញ្ជី​ក្រហម (ឆ្លង​កម្រិត​ខ្ពស់) ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ទៅ​កាន់ កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។

ចំណែក​ប្រទេស​ព័រទុយហ្គាល់ បាន​ចេញ​មុខ​ថា​​ប្រទេស​ខ្លួន​អាច​ទទួល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​ដោយ​ហេតុ​ថា​​ប្រទេស​ខ្លួន​​ស្ថិត​ក្នុង​បញ្ជី​បៃតង ដែល​អង់គ្លេស​អនុញ្ញាត​ឱ្យ​​ប្រជាជន​ខ្លួន​អាច​ធ្វើ​ដំណើរ​​ទៅ​បាន ប៉ុន្តែ​ត្រូវ​ធ្វើតេស្ត​២ថ្ងៃ​មុន​ធ្វើដំណើរ​ចេញ​ចូល​ប្រទេស​ទាំង​២​នេះ។

អត្ថបទពាក់ព័ន្ធ៖Chelsea និង Man City សុំ​ប្តូរ​ទីលាន​ប្រកួត Champions League ​ពី​ទួរគី ទៅ​ធ្វើ​នៅ​អង់គ្លេស​វិញ

យ៉ាងណាក្តី​ប្រទេស​នេះ​ក៏​យល់​ស្រប​តាម​ការ​កំណត់​របស់ UEFA ដែល​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​​មាន​កម្រិត​មួយ ខណៈ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានEuropa League រវាង​ក្រុម Villarreal ជាមួយ Manchester United នឹង​ធ្វើ​ឡើង​នៅ​ Gdansk Stadium ប្រទេស​ប៉ូឡូញ នឹង​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ប្រមាណ​១ម៉ឺន​នាក់​ផង​ដែរ។

ទោះជាយ៉ាង​ណា​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ UEFA នឹង​សម្រេច​ថា​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Chelsea និង Manchester City ក្នុង​ពាន UEFA Champions League នឹង​​ប្តូរ​ទីតាំង ឬ​បន្ត​ធ្វើ​នៅ​ប្រទេស​ទួរគី ដដែល៕

Share.