ព្រះអង្គម្ចាស់ Harry និងអ្នកស្រី Oprah Winfrey ពិធីការិនីល្បីរបស់អាមេរិកត្រៀមបញ្ចេញភាពយន្តឯកសារដែលជាស្នាដៃសហការផលិតស្ដីអំពីបញ្ហាជំងឺផ្លូវចិត្តនៅក្នុងខែឧសភានេះ ដោយមានការចូលរួមពីតារាចម្រៀង Lady Gaga និង តារាសម្ដែង Glenn Close ផងដែរ។
យោងតាមសារព័ត៌មានអង់គ្លេស The Guardian ភាពយន្តឯកសារដែលមានឈ្មោះថា «The Me You Can’t See» ជាស្នាដៃផលិតរួមគ្នារវាងព្រះអង្គម្ចាស់ Harry និង Winfrey នឹងបង្ហាញពីសាច់រឿងរបស់ភ្ញៀវកិត្តិយសដែលមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោកដែលជួបប្រទះបញ្ហាផ្លូវចិត្តនិងការប៉ះទង្គិចផ្លូវអារម្មណ៍ផ្សេងៗ។ ឯកសារនេះនឹងត្រៀមបញ្ចាំងនៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ។

អ្នកស្រី Oprah បាននិយាយថាភាពយន្តឯកសារនេះមានគោលបំណងធ្វើឱ្យកិច្ចពិភាក្សាគ្នាជាសកលជុំវិញបញ្ហាជំងឺផ្លូវចិត្តជំនួសឱ្យការខ្មាសអៀននិងលាក់ទុកតែម្នាក់ឯង។ ភ្ញៀវកិត្តិយសល្បីដែលនឹងបង្ហាញវត្តមានក្នុងភាពយន្តឯកសារខាងលើមានតារាបាល់បោះ DeMar DeRozan ពីក្លិបបាល់បោះ San Antonio Spurs និង Langston Galloway ពីក្លិប Phoenix Suns។
«ចំណុចដ៏ចំបងដែលយើងគ្រប់គ្នាកំពុងជួបប្រទះគឺភាពភ័យខ្លាច អារម្មណ៍ឈឺចាប់និងការបាត់បង់ ជាពិសេសរឿងហេតុកាលពីឆ្នាំមុនបានបង្ហាញច្បាស់ហើយថាយើងគ្រប់គ្នាសុទ្ធតែជួបប្រទះរឿងនេះដូចគ្នា។ ខ្ញុំសង្ឃឹមថាភាពយន្តឯកសារនេះបង្ហាញពីថាមពលក្នុងភាពផុយស្រួយ ទំនាក់ទំនងក្នុងភាពអាណិតអាសូរ និង ថាមពលក្នុងភាពស្មោះត្រង់»។
សូមចុចត្រង់នេះ៖ Selena កុងត្រាថតភាពយន្តរន្ធត់បែបរោគចិត្តថ្មី ដើម្បីភ្ញោចស្មារតីរឿងជំងឺផ្លូវ!
រាជទាយាទលំដាប់ទី៦របស់រាជាណាចក្រអង់គ្លេសរូបនេះ បានធ្លាប់បង្ហើបជាសាធារណៈចំពោះបញ្ហាជំងឺផ្លូវចិត្តដែលទ្រង់ត្រូវតស៊ូនិងជំនះដោយសារការឈឺចាប់នៃការបាត់បង់ព្រះមាតា ម្ចាស់ក្សត្រី Diana ដែលបានអស់ព្រះជន្មដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ១៩៩៧ នៅខណៈដែលកាលណោះព្រះអង្គម្ចាស់ Harry ទើបមានព្រះជន្មបាន ១២ព្រះវស្សា។
ភាពយន្តឯកសារនេះជាស្នាដៃទីមួយរបស់ទ្រង់ក្រោយពីព្រះអង្គនិងព្រះជាយា Meghan បានចាកចេញពីស៊ែរាជវង្ស ហើយផ្លាស់មករស់នៅរដ្ឋកាលីហ្វ័រញ៉ាជាអចិន្ត្រៃយ៍។ គូស្វាមីភរិយាដ៏មានឥទ្ធិពលមួយគូនេះបានចុះហត្ថលេខាផលិតកម្មវិធីសម្រាប់ Netflix ព្រមទាំងផលិតនិងធ្វើជាពិធីករសម្រាប់ Spotify ផងដែរ។

កម្មវិធីនេះចេញក្រោយពីព្រះអង្គម្ចាស់ Harryនិង Meghan បានផ្ដល់បទសម្ភាសពិសេសជាមួយនឹង Winfrey កាលពី ២ខែមុនដោយកាលណោះ Meghan បានចោទប្រកាន់សមាជិករាជវង្សមួយព្រះអង្គ ដោយមិនបញ្ហាឈ្មោះពាក់ព័ន្ធ នឹង ការរើសអើងពណ៌សំបុរព្រះរាជបុត្រ Archie មុនពេលទ្រង់ប្រសូត ដែលធ្វើឱ្យរាជវង្សអង់គ្លេស រង្គោះរង្គើខ្លាំងបំផុតក្នុងចំណោមប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
