ពីមួយថ្ងៃមួយថ្ងៃ គេកត់សម្គាល់ឃើញថា ផលិតករផលិតភាពយន្ដខ្មែរមួយចំនួន កាន់តែពោលពាក្យអស់សង្ឃឹមចំពោះការក្រើកឡើងនៃភាពយន្ដខ្មែរ ដែលមានបរិមាណតិចនៅឡើយក្នុងការចាក់បញ្ចាំងនៅក្នុងរោង។ កំនើននៃភាពយន្ដបរទេសចេះតែមានរំហូរចូលច្រើន បូកផ្សំជាមួយវិបត្តិកូវីដ១៩ និងការបន្ថយដៃរបស់ផលិតករភាពយន្ដខ្មែរទៀតនោះ ទើបជាហេតុធ្វើឱ្យភាពយន្ដខ្មែរមួយភាគធំកាត់បន្ថយមកនៅចំនួនតិចវិញ។

នៅក្នុងអំឡុងពេលកូវីដ១៩នេះ ផលិតករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានត្រយងថា តាំងពីចាប់ផ្ដើមបិទរោងភាពយន្ដបណ្ដោះអាសន្នមកម៉្លេះ គោរពតាមគោលការការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ មានផលិតករមួយចំនួនបានបាក់ទឹកចិត្ត និងដកដៃចេញពីការផលិតភាពយន្ដខ្មែរសិន ហើយរង់ចាំស្ថានភាពប្រសើរឡើងវិញ ទើបសម្រេចចិត្តជាថ្មីម្ដងទៀត។ នៅមានផលិតករខ្លាំងទៀត ក៏បានសម្លឹងឃើញថា ស្ថិតនៅក្នុងអំឡុងពេលកូវីដ១៩ មនុស្សគ្រប់គ្នាមិនបោះចោលឡើយនៅអារម្មណ៍កម្សាន្ដនៅតាមផ្ទះ រហូតធ្វើឱ្យមានការបង្កើត App ទស្សនាភាពយន្ដបានតាមរយៈទូរស័ព្ទដៃ ដោយមិនបាច់ចាំទៅទស្សនានៅរោងកុន។ ហើយក៏មានផលិតករខ្លះទៀតប្រាប់ថា កូវីដ១៩ ជាពេលវេលាដ៏លំបាកក្នុងការចេញទៅថតភាពយន្ដម្ដងៗ ព្រោះត្រូវប្រឈមនឹងកត្តាជាច្រើន។ ទាំងអស់នេះគឺសុទ្ធតែហេតុផលដែលបានជួបប្រទះ ដែលផលិតករត្អូញប្រាប់។

លៀក លីដា ចាងហ្វាងផលិតកម្ម LD

ថ្មីៗនេះ អ្នកសារព័ត៌មានត្រយងបានឃើញការលើកឡើងរបស់ផលិតករភាពយន្ដ និងជាចាងហ្វាងកុនដ៏ធំមួយពីផលិតកម្ម LD លោក លៀក លីដា បានបង្ហាញអារម្មណ៍ពិតចំពោះការដែលភាពយន្ដខ្មែរមានសភាពតិចជាងភាពយន្ដបរទេស និងមិនទទួលបានការជ្រោមជ្រែងណាមួយឡើយ។ លោកសរសេរនៅលើហ្វេសប៊ុកថា «ផលិតករភាពយន្តកម្ពុជានឹងរីកចម្រើនយឺតខ្លាំង បើសិនមិនមានការជួយជ្រោងជ្រែងទាន់ពេល ។ រោងកុនមិនអាចបើកលក់បាន១០០% គ្រប់រោងកុនពុំទាន់មានផលិតករខ្មែរណាហ៊ានយករឿងទៅដាក់់បញ្ខាំង គ្រប់រឿងនៅរោងកុនសព្វថ្ងៃ១០០%ចាក់សុទ្ធតែរឿងបរទេស ។ ប្រជាជនខ្មែរខ្លួនឯងគ្មានអ្នកឆ្ងល់និងសួររករឿងជាតិឯង ថាហេតុអីបានពុំទាន់មានរឿងជាតិ ចាក់បញ្ចាំង 🙂»។

ករណីនេះគេឃើញថា សន្ទុះគាំទ្រភាពយន្ដខ្មែរនៅក្នុងស្រុកបានធ្លាក់ចុះយ៉ាងគំហុក ខណៈគេមើលឃើញថា មានភាពយន្ដខ្មែរមួយចំនួនទៀតបានចេញទៅដណ្ដើមពានពីឆាកអន្ដរជាតិ ហើយមានការគាំទ្រខ្លាំង។ យ៉ាងណាក្ដីគេរំពឹងថា ភាពយន្ដខ្មែរនៅក្នុងស្រុកនឹងកក្រើកជាថ្មីឡើងវិញម្ដង បន្ទាប់ពីមានការបញ្ចេញរឿងថ្មីៗនៅលើទីផ្សារ៕

Telegram-Troryorng
Share.