រថយន្តធុនធំគេចម៉ូតូកង់បីឥណ្ឌាជ្រុលចង្កូតទៅបុករថយន្តតាកូម៉ារងការខូចខាតនៅតាម បណ្ដោយផ្លូវជាតិលេខ 5ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តធុនធំដឹកដីមួយ គ្រឿងគ្មានស្លាកលេខបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងទិសដៅ ពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយ ជ្រុលចង្កូត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាល ឱ្យ វៀច។ ភ្លាមៗនោះអ្នកបើកបរ រថយន្តធុនធំក៏បានបួងចង្កូតជ្រុលទៅបុកជាមួយនឹងរថយន្តតាកូម៉ាមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z-1629 ដែលចតចោលនៅខាងស្ដាំដៃបណ្ដាលឲ្យរងការខូចខាត កៀបជាប់រថយន្តជាប់ទទឹងផ្លូវ  មិនអាចធ្វើចរាចរណ៍បាន។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី 21 ខែមករា ឆ្នាំ 2022 តាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់ ទីតាំងកើតហេតុធ្វើការវាស់វែង និងបាននាំយករថយន្តទាំងពីរយកទៅរក្សាទុកដើម្បីរង់ចាំ ម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.