ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង រោងលក់ដូរចំនួន២ និងសំយាបផ្ទះចំនួន៥ល្វែង ត្រូវភ្លើង ឆាបឆេះ ដាច់ទាំងខ្សែភ្លើង បន្ទាប់ពីមានជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើ សកម្មភាពដុតដបសាំង កំប៉ុងហ្គាស គប់ចូលម៉ូតូកង់បី ឆេះរាលដល់រោងស្បូវលក់ដូរ និង សំយាបផ្ទះ ប្រជាពលរដ្ឋចំនួន៥ល្វែងជាប់គ្នា ។ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ គេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅផ្ទះលេខ៤៧-៥៥ ផ្លូវ០២A បុរីពីភពថ្មី ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងខាងលើ មានជន សង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ហើយដុតដបសាំង ភ្ជាប់ជាមួយកំប៉ុងហ្គាស គប់ចូលក្នុងម៉ូតូកង់បី ដែលចតឈប់មុខផ្ទះលេខ៥១ បណ្តាលឲ្យភ្លើងឆាបឆេះ រាលដល់ តូបស្បូវ ចំនួន២ និងភ្លើងបន្តឆេះរាលដល់ខ្សែភ្លើង នៅតាមសំយាបផ្ទះ ហើយជនសង្ស័យ គេចខ្លួនបាត់។ភ្លាមនោះ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យបានចេញទៅជួយបាញ់ទឹកពន្លត់ ភ្លើងផងដែរ ។

សម្ភារៈដែលរងការខូចខាតរួមមាន៖ ម៉ូតូកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5534 ប្រើហ្គាសផងនោះ ត្រូវបានភ្លើងឆេះទាំងស្រុង តូបស្បូវ ចំនួន២ និងឆេះខ្សែភ្លើង ឆេះខ្លោចរល សំយាបផ្ទះចំនួន៥ល្វែងជាប់គ្នា ។

ករណីខាងលើនេះប្រភពនៅកន្លែងកើតហេតុបានដាក់ការសន្និដ្ឋាន ផ្តើមចេញពីរឿងគំនុំ។ រហូតដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ច នៅបន្តពិនិត្យស្រាវជ្រាវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.