រសៀល​ថ្ងៃ​សុក្រ ទី២១ ខែ​មករា ឆ្នាំ​២០២២ លោក សោម ចំណាប់ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​និង​អ្នក​គ្រប់គ្រង Page Facebook ជុំ​វិញ​ការ​បោះបង់​ការងារ​ជា​គ្រូ​បង្វឹក​​បាល់ទះ​ឆ្នេរ​ខ្សាច់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ។

លោក សោម ចំណាប់

បើ​សង្ខេប​ជា​រួម​ក្នុង​គោល​បំណងធំៗ​នៃ​កិច្ច​សម្ភាសន៍​ជាង​១ម៉ោង​របស់​លោក សោម ចំណាប់ និង​បងប្រុស​របស់​លោក​គឺ​លោក សោម ណារិទ្ធិ សំដៅ​លើ៖
ទី១ ផ្លាស់ប្ដូរ​ការ​ហ្វឹកហាត់​ពី​​ពហុ​កីឡដ្ឋាន​ ទៅ​កាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ដោយ​​ហ្វឹកហាត់​បិទ​ខ្ទប់ មិន​អាច​ចេញ​ក្រៅ​បាន?
ទី២ មាន​ការ​កាត់​ប្រាក់​បៀវត្សរ៍​ ដល់​ក្រុម​ទាំង​មូល​ ជា​ពិសេស​​ប្រាក់​របប​អាហារ?
ទី៣ ហេតុអ្វី​បាន​ជា​កីឡា​ខ្លះ​ហ្វឹកហាត់​នៅ​ខាង​ក្រៅ​បាន ហេតុ​អ្វី​បាន​បាល់ទះ​ឆ្នេរ​ខ្សាច់​ហាត់​ខាង​ក្រៅ​មិន​បាន?

តើ​ការ​ស្នើសុំ​ទាំង​អស់​របស់​លោក សោម ចំណាប់ សុទ្ធ​តែ​ត្រឹមត្រូវ​ដែរ​ឬទេ?

«សារព័ត៌មាន​ត្រយង» សូម​លើក​យក​ពី​ការ​ប្រើ​ពាក្យ «ប្រាក់​បៀវត្សរ៍» ក្នុង​ក្រុម​ជម្រើស​ជាតិ។ បើ​តាម​ការ​បញ្ជាក់​លោក សោម ចំណាប់ លោក​បម្រើ​ការ​ជា​មន្ត្រី​នគរបាល​ជាតិ​មួយ​រូប។ ដូច្នេះ​លោក​​មិន​ត្រូវ​មាន​ប្រាក់​បៀវត្សរ៍​បន្ថែម​ពី​លើ​ការងារ​ដែល​មាន​​ស្រាប់​នោះ​ទេ ប៉ុន្តែ​លោក​អាច​មាន​ប្រាក់​ឧបត្ថម្ភ បន្ថែម​បាន​ដូច​ទៅ​នឹង​កីឡាករ​ ឬ គ្រូ​បង្វឹក​ផ្សេង​ទៀត​ មិន​ថា​មាន​​ឈ្មោះ​ជា​មន្រ្តី​រាជការ​ឬ​ជា​ពលរដ្ឋ​ធម្មតា ដែល​​មាន​កាតព្វកិច្ច​ជួយ​ជាតិ​លើ​ផ្នែក​កីឡា។

ចំពោះ​ប្រាក់​ឧបត្ថម្ភ​​ រាជរដ្ឋាភិបាល​​តាម​រយៈ​ប្រកាស​អន្តរ​ក្រសួង​​រវាង​ក្រសួង​អប់រំយុវជន​និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២១ ស្ដី​ពី​«គោលការណ៍​ឧបត្ថម្ភ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ ក្រុម​កីឡាករ​ថ្នាល គ្រូ​បង្វឹក គ្រូ​ជំនួយ និង​អនុរក្ស និង​ប្រាក់​រង្វាន់​ជ័យលាភី​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស» បាន​កំណត់​នៅ​ត្រង់​ប្រកា​៧ ត្រង់​ចំណុច ក សម្រាប់​ការ​​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស និង​ចំណុច ក.៣ បញ្ជាក់​ថា​៖

ប្រាក់​ឧបត្ថម្ភ​សម្រាប់​ អនុរក្ស គ្រូ​បង្វឹក កីឡាករ​ជម្រើស​ជាតិ​និង​កីឡាករ​ថ្នាល​ដែល​មិន​ទទួល​បាន​មេដាយ​ក្នុង​កីឡា​ស៊ីហ្គេម​៖
១-គ្រូ​បង្វឹក ០១នាក់ ផ្ដល់​ជូន​ក្នុង​មូយ​ខែ ចំនួន​ ១ ១០០ ០០០ រៀល
២-កីឡាករ ០១នាក់ ផ្ដល់​ជូន​ក្នុង​មួយ​ខែ​ ចំនួន​១ ០០០ ០០០ រៀល
៣-អនុរក្ស ០១នាក់​ផ្ដល់​ជូន​ក្នុង​មួយ​ខែ ចំនួន​ ៦០០ ០០០ រៀល

​​ចំណុច​ ក.៤ អាហារ​បំប៉ន៖
គ្រូ​បង្វឹក អនុរក្ស កីឡាករ​ជម្រើស ជាតិ​និង​កីឡាករ​ថ្នាល ត្រូវ​ទទួល​បាន​ការ​រ៉ាប់រង​របប​អាហារ​បំប៉ន​ស្មើ​នឹង​ទឹកប្រាក់​ចំនួន​៤៤ ០០០រៀល ក្នុង​០១នាក់ ក្នុង​០១ថ្ងៃ។

អត្ថបទពាក់ព័ន្ធកន្លងមក៖បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​កម្ពុជា ទាំង​៦​រូប​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម

ងាក​មក​លោក សោម ចំណាប់ វិញ ​តាម​ប្រភព​ជាក់លាក់​មួយ​បង្ហើប​ថា​ក្រុម​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​​ត្រូវ​ចូលរួម​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​ ២០២១។ ប៉ុន្ដែ​លោក សោម ចំណាប់ មិន​មាន​មុខ​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​នោះ​ទេ ក្នុង​នាម​ជា​គ្រូ​បង្វឹក រហូត​ដល់​​ក្រុម​ប្រឹក្សា​វិន័យ​​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កោះ​ហៅ​ក៏​មិន​ទៅ​ជួប។

មុន​សម្រេច​ឱ្យ​ទុក​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​មរតតេជោ ក៏​មាន​ការ​ផ្ដល់ឱកាស​ឱ្យ​រក​ទីតាំង​ហ្វឹកហាត់​ខាង​ក្រៅ​ដែរ តែ​មិន​មាន​ចម្លើយ​ណាមួយ​ពី​ខាង​ក្រុម​កីឡា​បាល់ទះ​ឆ្នេរខ្សាច់ ត្រឡប់​ទៅ​វិញ​ដែរ។

អត្ថបទពាក់ព័ន្ធ​កន្លង​មក៖លោក សោម ចំណាប់ ជា​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ​កម្ពុជា

ក្រោយ​មក​មាន​ការ​ផ្ដាំផ្ញើ​តាម​មិត្តភក្ដិ​របស់​លោក សោម ចំណាប់ ទើប​ប្រាប់​ថា​​លោក លា​ឈប់​ពី​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហើយ ដោយ​ការ​លា​ឈប់​នេះ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ នៅ​ក្នុង​កិច្ចសម្ភាសន៍​លោក សោម ចំណាប់ លើក​ឡើង​ថា​​លោក​មាន​អាជីវកម្ម​នៅ​ខាង​ក្រៅ បន្ថែម​ពី​មុខងារ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​និង​ជា​មន្រ្តី​រាជការ។

លោក សោម ចំណាប់ បញ្ជាក់​ទៀត​ថា​ក្រោម​ពេល​លោក​សម្រេច​ចិត្ត​ឈប់ ប្រាក់​ឧបត្ថម្ភ​គឺ​[គេ]កាត់​លែង​បញ្ជូល​ក្នុង​គណនី​របស់​លោក។ ចម្លើយ​ងាយៗ​គឺ​ដោយ​សារ​តែ​អវត្តមាន​របស់​លោក ភាគី​ពាក់ព័ន្ធ​ត្រូវ​​រក​គ្រូ​បង្វឹក​ថ្មី​មក​ជំនួស ព្រោះ​សិស្ស​ហ្វឹកហាត់​មិន​អាច​អត់​មាន​គ្រូ​បង្វឹក​បាន​នោះ​ទេ។ ប្រាក់​នោះ​ត្រូវ​បង្វឹល​ជូន​គ្រូ​បង្វឹក​ថ្មី។

[តើ​មន្រ្តី​រាជការ​​ធ្វើការ​នៅ​ស្ថាប័ន​សាមី​បែប​ណា បើ​ជាប់​មុខងារ​ក្នុង​ក្រុម​​កីឡា​ជម្រើស​ជាតិ? ក្រសួង​អប់រំយុវជន​និង​កីឡា ឬ សហព័ន្ធ​សាមី​នៃ​កីឡា​នីមួយៗ ធ្វើ​លិខិត​ស្នើសុំ​ទៅ​កាន់​ស្ថាប័ន​របស់​បុគ្គល​នោះ ដើម្បី​មក​ជួយ​ក្រុម​ជម្រើស​ជាតិ ក្នុង​រយៈពេល​ប្រមូល​ផ្ដុំ​កំណត់​ណាមួយ។ ចុះ​បើ​ផុតការងារ​ពាក់ព័ន្ធ​នឹង​កីឡា​ជម្រើស​ជាតិ? គ្រូ​បង្វឹក​នោះ​ទៅ​បម្រើ​ការ​នៅ​ស្ថាប័ន​សាមី​របស់​ខ្លួន​ដូច​ដើម​វិញ។]

ចំពោះ​ចំណុចទី១ របស់​លោក សោម ចំណាប់ លើក​ឡើង​​​ថា​ការ​ផ្លាស់ប្ដូរ​ការ​ហ្វឹកហាត់​ពី​​ពហុ​កីឡដ្ឋាន​ ទៅ​កាន់​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ដោយ​​ហ្វឹកហាត់​បិទ​ខ្ទប់ មិន​អាច​ចេញ​ក្រៅ​បាន។

ករណី​​នេះ​គឺ​មាន​ការ​កំណត់​ទាំង​កីឡា​១៩​ប្រភេទ (ក្នុង​នោះ​បាល់ទះ​ឆ្នេរខ្សាច់​ ស្ថិត​ក្នុង​បញ្ជី​កីឡា​ទាំង​១៩​នេះ​ផង​ដែរ) បូក​ទាំង​អនុរក្ស សរុប​ចំនួន​៤៦៧រូប ដែល​មាន​ឈ្មោះ​ចូល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បិទ​ខ្ទប់​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ។

នៅ​ក្នុង​​«គោលការណ៍​ប្រតិបត្តិ​ស្ដង់​ដារ (SOP) សម្រាប់​ដំណើរការ​ហាត់​ហ្វឹកហ្វឺន​ឡើង​វិញ​ក្នុង​បរិបទ​កូវីដ-១៩» មាន​ចំណុច​មួយ​ចំនួន​នៅ​បន្ត និង​មាន​គោលការណ៍​ណែនាំ​បន្ថែម។ ក្នុង​នោះ​បាន​កំណត់​ជាក់លាក់​ពី​យន្តការ នីតិវិធី ជា​ពិសេស​ដំណាក់កាល​ត្រៀម​ដំណើរការ​ការ​ហាត់ហ្វឹកហ្វឺន​បិទ​ខ្ទប់ ដោយ​មាន​រៀបចំ​ទីតាំងស្នាក់នៅ​ ទីតាំង​ហាត់​ហ្វឹកហ្វឺន​​និង​បំពាក់​សម្ភារៈ រៀបចំ​ទីតាំង​អាហារដ្ឋាន រៀបចំ​ទីតាំង​ពិនិត្យ​សុខភាព រៀបចំ​ទីតាំង​ស្វ័យសិក្សា និង​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ។

ចំណែក​នៅ​ដំណាក់កាល​ដំណើរការ​ហាត់​ហ្វឹកហ្វឺន​បិទ​ខ្ទប់ គឺ​មាន​ការ​ធ្វើតេស្ត PCR ៧២ម៉ោង, ស្នាក់នៅ​តាម​ទីតំាង​ដែល​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​កំណត់, ហាត់​និង​បង្ហាត់​តាម​កម្មវិធី​ដែល​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​បាន​កំណត់ (ទីកន្លែង​និង​ពេល​វេលា), ការ​បរិភោគអាហារ ស្រប​​តាម​ពេលវេលា​និង​ទីកន្លែង​ដែល​បាន​កំណត់…។

ចំណែក​បុគ្គល​ដែល​ប្រព្រឹត្តិ​ផ្ទុយ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​ការ​ប្រមូល​ផ្ដុំ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ចេញ​ពី​ទីកន្លែង​មណ្ឌល​ប្រមូល​ផ្ដុំ លើក​ទី១​មាន​ការ​ព្រមាន លើក​ទី២​ ត្រូវ​បញ្ឍប់​ជា​បន្ទាន់​និង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ (ត្រូវ​សង​ថវិកា​មក​រដ្ឋ​វិញ​ចាប់​ពី​ថ្ងៃ​ជាប់​ជា​ជម្រើស​ជាតិ​ដល់​ថ្ងៃ​បញ្ឍប់)។

ចំណែក​ការ​ឈប់​សម្រាក​ត្រូវ​សុំ​ការ​អនុញ្ញាត​ច្បាប់ អាច​ពី​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា អនុញ្ញាតិ​ឱ្យ​ចេញ​ពី​មណ្ឌល​ប្រមូលផ្ដុំ (ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​មរតតេជោ) ឬ មាន​ការ​អនុញ្ញាត​ពី​ប្រធាន​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ តែ​ពេល​ត្រឡប់​ចួល​ហ្វឹកហាត់​វិញ​ត្រូវ​ធ្វើ​តេស្ត PCR និង​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ ឬ លើស​ពី​ទៀត​ក្នុង​ករណី​ចាំបាច់ និង​មុន​ចូល​មណ្ឌល​ហ្វឹកហាត់​ត្រូវ​ធ្វើ​តេស្ត​រហ័ស​​ម្ដង​ទៀត។ ករណី​បុគ្គល​ដែល​ចេញ​ពី​កន្លែង​មណ្ឌល​ហ្វឹកហាត់​បិទ​ខ្ទប់​ពី​ក្រៅ ហើយ​ត្រឡប់​ចូល​វិញ ធ្វើ​ឱ្យ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ ដល់​បុគ្គល​ផ្សេង​ទៀត ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ជា​ធរមាន។

ប៉ុន្តែ​ សម្រាប់​ឆ្នាំ​២០២២ នេះ​មាន​​ការ​កែប្រែ​​បន្ថែម​ដោយ​​គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​អាច​ស្នាក់​​នៅ​ ហូបចុក​​ខាង​ក្រៅ​​​បាន​ប៉ុន្ដែ​រយៈពេល​៣​ថ្ងៃ​ម្តង ត្រូវ​ធ្វើតេស្ត​ពិនិត្យ​កូវីដ-១៩។ ​

ត្រង់ចំណុចទី២ លើក​ឡើង​ថា​មាន​ការ​កាត់​ប្រាក់​បៀវត្សរ៍​ ដល់​ក្រុម​ទាំង​មូល​ ជា​ពិសេស​​ប្រាក់​របប​អាហារ
ប្រាក់​ឧបត្ថម្ភ​គឺ​នៅ​រក្សា​ទុក​ដដែល ដោយ​ប្រែប្រួល​តែ​ប្រាក់​អាហារ​ប៉ុណ្ណោះ។ ដោយ​សារ​មាន​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា លែង​ផ្ដល់​ប្រាក់​​សម្រាប់​អាហារ​​បំប៉ន​ដល់​ គ្រូបង្វឹក អនុរក្ស និង​កីឡាករ ដែល​ស្នាក់​នៅ​ទីនោះ​ទៀត​ហើយ ដោយ​ជំនួស​វិញ​នូវ​ការ​ផ្គត់ផ្គង់​អាហារ​​ផ្ទាល់​វិញ​ម្តង​ចំនួន​៣ពេល​ក្នុង​១ថ្ងៃ។

ប៉ុន្ដែ​សម្រាប់​គ្រូ​បង្វឹក​និង​គ្រូ​ជំនួយ​ដែល​បាន​អនុញ្ញាត​ឱ្យ​​ស្នាក់នៅ​និង​ហូប​ចុក​នៅ​ខាង​ក្រៅ គឺ​ផ្ដល់​​ជា​សាច់ប្រាក់​ជូន​ដូចដើម​វិញ។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​របប​អាហារ​ផ្ទាល់​នេះ​ផង​ដែរ ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំយុវជន​និង​កីឡា ទើប​មាន​រៀបចំ​ចេញ​ជា​​អនុក្រឹត្យ​ថ្មី​អន្តរក្រសួង ក្នុង​ខែ​ឧសភា មក​ទល់​នឹង​ពេល​នេះ​នោះ​ទេ ទើប​​មាន​ការ​កើន​ឡើង​ចំពោះ​ថវិកា​សម្រាប់​អាហារ​បំប៉ន​ដល់​គ្រូ​បង្វឹក អនុរក្ស​និង​កីឡាករ ខណៈ​កន្លង​មក​គ្រូ​បង្វឹក​ទទួល​បាន​ត្រឹម​តែ​៦០ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១ខែ ហើយ​កីឡាករ​ទទួល​បាន​ក្នុង​កញ្ចប់​សាច់ប្រាក់​​៥០ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១ខែ។

ទី៣ ហេតុអ្វី​បាន​ជា​កីឡា​ខ្លះ​ហ្វឹកហាត់​នៅ​ខាង​ក្រៅ​បាន ហេតុ​អ្វី​បាន​បាល់ទះ​ឆ្នេរ​ខ្សាច់​ហាត់​ខាង​ក្រៅ​មិន​បាន?
ទាំង​នេះ​គឺ​ជា​ការ​កំណត់​ដោយ​ក្រសួង​អប់រំយុវជន​និង​កីឡា។ ម៉្យាង​ទៀត​ពហុ​កីឡដ្ឋាន​ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​សម្រាប់​កីឡា​មួយ​ចំនួន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នា​ពេល​កន្លង​មក ត្រូវ​បាន​រាជរដ្ឋាភិបាល​យក​ប្រើប្រាស់​ជា​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។ ម៉្យាង​កីឡា​ខ្លះ​មិនទាន់​មាន​ទីលាន​នៅ​ពហុ​កីឡដ្ឋាន​មរតតេជោ។

ចុះ​​​វិញ្ញាសា​បាល់ទះ​ដូចគ្នា​ ហេតុ​អ្វី​បាល់ទះ​ក្នុង​សាល​អាច​ហ្វឹកហាត់​នៅ​ខាង​ក្រៅ​បាន? សម្រាប់​បាល់ទះ​ក្នុង​សាល​ហ្វឹកហាត់​នៅ​ខាង​ក្រៅ​បាន​មែន ក៏​ប៉ុន្ដែ​មិន​មាន​ការ​ចេញ​ចូល​សេរី​​ពី​ផ្ទះ​ស្នាក់នៅ​និង​កន្លែង​ហ្វឹកហាត់​នោះ​ដែរ ដោយ​មាន​ការ​រឹតត្បិត​ពី​ការ​ដើរហើរ​ដូចគ្នា។

ចម្ងល់​ដែល​ចោទសួរថា៖
***តើ​ឱកាស​ដើរ​ប្រកួត​​ក្រៅ​ផ្លូវការ​ខាង​ក្រៅ (វាយ​ស៊ីលុយ) ធ្វើ​កីឡាករ​ខ្លះ​សុខ​ចិត្ត​បោះបង់​ឱកាស​ក្នុង​ក្រុម​ជម្រើស​ជាតិ?
***ក្នុង​ចំណោម​កីឡា​​ចំនួន​១៩ ប្រភេទ​អាច​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​ទីលាន​ពហុ​កីឡដ្ឋានជាតិ​មរតតេជោ បាន​​ចុះ​ហេតុអ្វី​​កីឡា​បាល់ទះ​ឆ្នេរខ្សាច់​មិន​អាច​ហ្វឹកហាត់​បាន?

Share.