កំពត ៖ ស្ត្រីម្នាក់ស្លាប់ ចំណែកប្តីនិងកូនរងរបួសស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដឹក ស្រាបៀរ កាលពីវេលាម៉ោង៤និង២០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅតាម ផ្លូវជាតិ លេខ៣ ខាងត្បូងផ្សារឈូក ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១០-១១១ ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។

ជនរងគ្រោះទាំង៣នាក់ ឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកបើកបររថយន្ត។ ចំណែក ប្រពន្ធរួមដំណើរជាមួយ ស្លាប់ក្នុងហេតុការណ៍ ឈ្មោះ អាន លន អាយុ៣៧ឆ្នាំ មានស្រុក កំណើត ស្រុកជុំគិរី ខេត្តកំពត និងកូនប្រុស អាយុ៣ឆ្នាំ រងរបួសស្រាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកFUSO ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ3E-6418 អូសសណ្តោងរ៉ឺម៉កស្លាកលេខ ភ្នំពេញ4A-5515 ដឹកស្រាបៀរ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុធ្លាក់ចិញ្ចើមផ្លូវខាងស្តាំជ្រុល ក្រឡាប់ផ្ងារជើង ចាក់ស្រាបៀរចោលពេញផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាល២នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដោយ សពប្រគល់ជូនសាច់ញាតិចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្ត សមត្ថកិច្ចស្ទូចលើកយកទៅ រក្សាទុកនៅ ការិយាល័យចរាចរជើងគោក ស្នងការខេត្ត កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.