រដ្ឋបាលខេត្តកោះកុងបានប្រគល់រថយន្តគិលានសង្រ្គោះថ្មីសន្លាង១គ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលដែលជាអំណោយរបស់ប្រជាជនជប៉ុន។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ២០២១ថា ការប្រគល់រថយន្តគិលានសង្រ្គោះ ជូន មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏ព្រោះតែរដ្ឋបាលខេត្តមើលឃើញពីតម្រូវការផ្តល់សេវាសង្រ្គោះជីវិតអ្នកជំងឺកូវីដ១៩ ឬជំងឺផ្សេងៗហើយកន្លងមក មិនមានមធ្យោបាយសម្រាប់ដឹកជញ្ជូន។

ក្នុងនោះដែរលោកបានរំលឹកឲ្យក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលអនុវត្តឲ្យបានសមស្របតាមគោលការណ៍ផ្នែកសុខាភិបាល ព្រមទាំងផ្តោតលើការជួយសង្រ្គោះអ្នកជំងឺឲ្យបានទាន់ពេលវេលា ឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មានប្រសាសន៍ថា លោក និងក្រុមគ្រូពេទ្យនឹងយករថយន្តនេះទៅប្រើប្រាស់ឱ្យត្រឹមត្រូវតាមលក្ខខណ្ឌផ្នែកសុខាភិបាល ក្នុងន័យសង្រ្គោះ និងទប់ស្កាត់ជំងឺកូវីដ១៩កាន់តែមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលនៅមន្ទីរពេទ្យនេះមានរថយន្ត២គ្រឿងរួចហើយ។

សូមរំលឹកថា រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣៥ គ្រឿងដល់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងសុខាភិបាលកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១នេះ៕ពោលគឺនៅសេសសល់ចំនួន៦៥គ្រឿងនឹងបញ្ចូនមកតាមក្រោយ៕

អត្តបទៈ សិទ្ធី

កែសម្រួលៈ សំ នឿន

Share.