សហព័ន្ធ​កីឡា​បាល់ទាត់​ប្រ៊ុយណេ (FABD) បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា​សហព័ន្ធ​និង​លោក Datuk Rajagobal ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ បាន​យល់ព្រម​ចែក​ផ្លូវ​គ្នា​ក្នុង​ខែ​មករា ឆ្នាំ​២០២២។

លោក Datuk Rajagobal បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ខណៈ​ដែល​​ផលប៉ះពាល់​ដោយ​ស្ថានភាព​កូវីដ-១៩ ធ្វើ​ឱ្យ​ភាគី​ទាំង​២​សម្រេច​ចែក​ផ្លូវគ្នា។ ជិត​១ឆ្នាំ​មក​នេះ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ឈុតធំ មិន​មាន​សកម្មភាព​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទាល់​តែ​សោះ ខណៈ​ដែល​សហព័ន្ធ​ត្រៀម​បញ្ជូល​ក្រុម​ក្នុង​ការ​ប្រកួត​កម្រិត​យុវជន​ចំនួន​៥ប៉ុណ្ណោះ​ក្នុង​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​២០២២ នេះ ដោយ​មិន​ទាន់​មាន​កាល​វិភាគ​សម្រាប់​ក្រុម​ឈុត​ធំ​នោះ​ទេ។

ចំណែក​ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 កន្លង​ទៅ​ប្រ៊ុយណេ បានប្រកាស​ដក​ខ្លួន​ចេញ​ពី​វគ្គ​ជម្រុះ​ជាមួយ​ទីម័រខាងកើត ផង​ដែរ។

លោក Datuk Rajagobal មាន​វ័យ​៥១​ឆ្នាំ​ធ្លាប់​​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី និង​ប្រកប​អាជីព​ជាមួយ​ក្លិប​មួយ​ចំនួន​នៅ​ស្រុក​កំណើត ខណៈ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី របស់​ខ្លួន​២០០៤ ដល់​២០១៣ ដោយ​ក្នុង​នោះ​មាន​ឈុត​យុវជន​ផង និង​ឈុត​ធំ​ផង ហើយ​ជា​លទ្ធផល​លោក​បាន​ដឹកនាំ​ក្រុម​ដណ្តើម​បាន​​ជើង​ឯក​ពានរង្វាន់ AFF Suzuki Cup 2010 និង​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០០៩ ផង​ដែរ៕

Telegram-Troryorng
Share.