ពិព័រណ៍«ម្ចាស់ទឹកម្ចាស់ដី» គឺជាពិព័រណ៍លើកដំបូងដែលក្រុមស្ទាវសិល្បៈរួមមានសិល្បករ ខ្វៃ សំណាង, លីម សុខចាន់លីណា និង វុធ លីណូ ដាក់បង្ហាញស្នាដៃសិល្បៈរួមគ្នានៅក្នុងវិចិត្រសាលរបស់គម្រោងសិល្បៈស-ស។ ពិព័រណ៍នេះនាំមកបង្ហាញជូននូវស្នាដៃថ្មីៗរបស់ពួកគាត់មានជាទម្រង់ វីដេអូ រូបថត ចម្លាក់ និងស្នាដៃបង្គុំពន្លឺ។ ពិព័រណ៍នេះលើកឡើងពីជំនឿលើធម្មជាតិមានដូចជា បឹងបួ ទន្លេ សមុទ្រ ភ្នំ ព្រៃព្រឹក្សានិងសត្វផ្សេងៗ និងជំនឿលើអធិធម្មជាតិ ជីវចលនិងព្រលឹងដ៏មានឫទ្ធិ អំណាចនៅថែរក្សាផ្ទះសម្បែងស្រុកទេស មនុស្សសត្វ និងជីវិតនានា។ ពិព័រណ៍ «ម្ចាស់ទឹកម្ចាស់ដី» បានលើកជាសំណួរថា នណារជាម្ចាស់ និងអ្នកថែរក្សាទឹកដី៖ មនុស្ស សត្វ រុក្ខជាតិ ឬព្រលឹងអ្នកតា?

លោកស្រី ជុំ ច័ន្ទវាសនា ជាប្រធានគម្រោងសិល្បៈស-ស និងជាអ្នករៀបចំពិព័រណ៍ «ម្ចាស់ទឹកម្ចាស់ដី» នេះបានប្រាប់អ្នកសារព័ត៌មានត្រយងឱ្យដឹងថា ពិព័រណ៍នេះបានរៀបចំឡើងតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ លោកស្រីនិយាយថា៖ «ការរៀបចំពិព័រណ៍«ម្ចាស់ទឹកម្ចាស់ដី»គឺខ្ញុំបានដាក់ឈ្មោះឱ្យស័ក្ដសមទៅនឹងស្នាដៃរបស់សិល្បករទាំង ៣រូប ដែលលោកក៏ជាសហស្ថាបនិករបស់សិល្បៈស-ស ដូចគ្នា។ ដំបូងឡើយគឺខ្ញុំបានពិនិត្យទៅលើស្នាដៃរបស់សិល្បករនីមួយៗសិន ហើយល្អិនល្អន់។ ទីបំផុតខ្ញុំក៏រកឃើញថា ស្នាដៃរបស់សិល្បករយើង គឺ ជំនឿ មនុស្ស សត្វ និងរុក្ខជាតិ ដែលមានទំនាក់ទំនងគ្នា »។

តាមរយៈស្នាដៃក្នុងទម្រង់ និងរូបភាពដ៏សម្បូរបែបរបស់ សិល្បករទាំង ៣ រូប នៃពិព័រណ៍នេះនាំមកនូវសន្ទនានិងទំនាក់ទំនងដ៏ស្មុគស្មាញរវាងធម្មជាតិនិង អធិធម្មជាតិមនុស្សនិងអមនុស្ស រូបីនិងអរូបី ប្រទេសនិងប្រទេសដែលនៅតែបន្តជះឥទ្ធិពលដល់ នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ ជីវិតរស់នៅ និងជាពិសេសប្រព័ន្ធសង្គម។ ប្រសិនបើ ធម្មជាតិ ឬអធិធម្មជាតិណាមួយមានវិបត្តិឬក៏មានបញ្ហាអ្វីមួយ វានឹងអាចបង្កហានិភ័យ ភាពមិន ប្រក្រតី និងអតុល្យភាពដល់មនុស្សសត្វ និងជីវិតទាំងឡាយ ទោះបីអាចមើលឃើញ មើលមិនឃើញក្តី។
លោកស្រី ជុំ ច័ន្ទវាសនា រៀបរាប់ថា ស្នាដៃនីមួយៗមានបង្កប់ទស្សនៈរួមមួយដែលជាសិល្បៈសហសម័យថ្មីមួយកម្រមាន។ ជាពិសេសលោកស្រីថា លោកស្រីបានចាប់អារម្មណ៍ចំពោះការធ្វើដំណើរ និងការវិឌ្ឍន៍នៃស្នាដៃរបស់សិល្បករនីមួយ ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយមានការសិក្សាយ៉ាងស៊ីជម្រៅមុននឹងពួកគេធ្វើការបង្កើតស្នាដៃទាំងនេះឡើង។
សិល្បៈ ខ្វៃ សំណាង បានដាក់បង្ហាញស្នាដៃមានចំណងជើង «ពពិល» ជាបង្គុំចម្លាក់របាំងមុខនាគី និងនាគា។ សិល្បករ លីម សុខចាន់លីណា បានតាំងបង្ហាញពីស្នាដៃ «លិខិតផ្ញើតាមសមុទ្ទ» រួមមានជាវីដេអូឯកសារអានលិខិតដំណើរជីវិតរបស់កម្មករខ្មែរចុះទូកនេសាទនៅប្រទេសថៃ បណ្ណសារលិខិត និងវត្ថុតាងមួយចំនួន។ សិល្បករ វុធ លីណូ តាំងបង្ហាញស្នាដៃ បង្គុំបែបស្ថាបត្យកម្មធ្វើពីអំពូលនីអុង និងរូបភាពធ្វើសន្លឹកលោហៈពណ៌មាស មានចំនួន៤ផ្ទាំង ក្រោមចំណងជើង «ជំនាងផ្ទះ»៕








