ពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ និងគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងរយៈពេលខ្លី។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បី ជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

កម្មវិធីដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ គ្របដណ្តប់ទៅលើភូមិសាស្រ្តរាជ-ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

ការឧបត្ថម្ភទាំងនោះរួមមានសម្រាប់ថ្លៃអាហារ ថ្លៃទឹក ថ្លៃអគ្គិសនីប្រើប្រាស់ទៅតាមទំហំគ្រួសារ។ ប្រាក់ឧបត្ថម្ភមានចន្លោះចាប់ពី ១៥៦០០០រៀល-៣១១០០០រៀល។

ក្នុងនោះសម្រាប់កម្មករ កម្មការិនីនៅក្នុងតំបន់បិទខ្ទប់នឹងទទួលបានប្រាក់ឧបត្ថម្ភ១លើកគត់ ចំនួន១៦ម៉ឺនរៀល/ម្នាក់តាមយន្តការដែលមានស្រាប់របស់ក្រសួងការងារ។

ចំពោះក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣០ម៉ឺនរៀលបូកបន្ថែមនឹងប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃទឹកភ្លើងរយៈពេល៥ខែ៕

Share.