សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​រៀបចំ​មហាសន្និបាត​​អាណត្តិ​ទី៥ និង​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៦ ឆ្នាំ​២០២២-២០២៦ របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នៅ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ។

ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ទទួល​បាន​សម្លេង​គាំទ្រ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​មួយ​អាណត្តិ​ទៀត។ ក្នុង​នោះ​ដែរ​មាន​បេក្ខភាព​ឈរ​បោះ​ឆ្នោត​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី៦ នេះ​មាន​ចំនួន​២១រូប។

ក្រោយ​បន្ត​កិច្ចការងារ​ជា​ប្រធាន​សហព័ន្ធ​ក្នុង​អាណត្តិ​ថ្មី​នេះ ឯកឧត្តម​ នេត សាវឿន បាន​តាំង​ចិត្ត​ដឹកនាំ​សហព័ន្ធ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ថែមទៀត ព្រោះ​ថា​អាណត្តិ​ថ្មី​នេះ​គឺ​ចំពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ ដូច្នេះ​ហើយ​សហព័ន្ធ​ត្រូវ​ការ​បណ្តុះបណ្តាល​កីឡាករ​កីឡា​ការិនី បណ្តុះបណ្តាល​មន្រ្តី និង​រៀបចំ​ការ​ប្រកួត​ទាំង​លក្ខណៈ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ទៀត៕

Telegram-Troryorng
Share.