ការប្ដឹងលោកឧកញ៉ា ហេង សៀ ពីសំណាក់កញ្ញា មាន ពេជ្ររីតា ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MYTV គឺធ្វើឡើងក្រោយពេលដែលតុលាការបានសម្រេចចោទប្រកាន់កញ្ញាពីបទ «លួចទូរស័ព្ទដៃម៉ាក Iphone Pro max និងចាក់លោកឧកញ៉ារូបនោះចំនួន២កាំបិតបណ្ដាលឱ្យរងរបួស» កាលវេលាម៉ោង១៥.០៦នាទីរសៀល ថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១ កន្លងមក។
នៅក្នុងពាក្យបណ្ដឹងធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ដែលមានកម្រាស់៣ទំព័របានដាក់ជូនទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អតីត Miss Grand Cambodia 2020 បានប្ដឹងបកទៅកាន់លោកឧកញ៉ា ហេង សៀ វ័យ៥៩ឆ្នាំវិញ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្តត្រង់ចំណុច ម្ដុំផ្សារគីឡូលេខ ៤ ជិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប។
សូមចុចត្រង់នេះ៖ ក្ដៅស្លឹកត្រចៀកនឹងអ្នកខមមិនឈ្លើយ! អ្នកនាង ទូច ស្រីល័ក្ខ តបវិញមួយឆ្ងាញ់!
នៅក្នុងពាក្យប្ដឹងដដែលនោះ និស្សិតឆ្នាំទីពីរផ្នែក ជំនួញពាណិជ្ជកម្មរូបនេះ បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់មកលើរូបកញ្ញា ដោយអះអាងថាកញ្ញាទទួលរងភាពអយុត្តិធម៌ខ្លាំងចំពោះករណីចោទប្រកាន់ពីបទលួចទូរស័ព្ទនិងបង្ករបួសស្នាមខាងលើ ព្រោះការពិត អ្វីដែលកញ្ញាបានធ្វើនោះ គឺរុញដៃរបស់លោកឧកញ៉ាដែលព្យាយាមបំពានមកលើរូបរាងកាយរបស់កញ្ញាដែលជាស្ត្រីទន់ខ្សោយ ដើម្បីការពារសុវត្ថិភាព ដោយសារតែលោកឧកញ៉ាមានកាំភ្លើងជាប់ខ្លួន ជាពិសេសកញ្ញាគ្រាន់តែចង់រំដោះខ្លួនត្រលប់ទៅផ្ទះវិញប៉ុណ្ណោះ។
នៅក្នុងពាក្យបណ្ដឹងរបស់កញ្ញា មាន ពេជ្ររីតាដែលដាក់ជូនទៅព្រះរាជ្ញអាជ្ញានោះ កញ្ញាបានធ្វើការទាមទារទៅលើបីចំណុចដូច
ជា៖
១./ ប្ដឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២./ ទាមទារសំណងជម្ងឺចិត្តចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក)
៣./ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ)
សូមបញ្ជាក់ថាបច្ចុប្បន្នកញ្ញា មាន ពេជ្ររីតា មានវ័យ២០ឆ្នាំ ក្រៅពីជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធី Facebook Active ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១ ថ្ងៃត្រង់ហើយនោះ កញ្ញារូបនេះក៏ជាតារាម៉ូដែល និង ជាតារាសម្ដែងប្រចាំផលិតកម្ម Poung Studio ផងដែរ៕











